អ្នកចាំទី Andre Onana របស់ Manchester United បានស្តីបន្ទោសខ្លួនឯងជាដើមហេតុដែលនាំឱ្យក្រុមចាញ់ Bayern Munich លទ្ធផល ៤-៣ ក្នុងជំនួបបើកឆាកពូល A ពានរង្វាន់ UEFA Champions League នាកីឡដ្ឋាន Allianz Arena។
ការទទួលស្គាល់នូវកំហុស និងបង្ហាញទំនួសខុសត្រូវនេះកើតឡើង បន្ទាប់ពីអ្នកចាំទី Onana ចាប់បាល់មិនបានល្អ ដោយរបូតគ្រាប់បាល់ទីមួយសម្រាប់ Bayern ដែលជាការស៊ុតរបស់ Leroy Sane ។ ក្រោយនាំមុខ១គ្រាប់ ម្ចាស់ផ្ទះ បន្តសម្រុករកបានគ្រាប់បាល់បន្ថែមនៅនាទី៣២ ពីសំណាក់កីឡាករ Serge Gnabry ដើម្បីជួយ Bayern Munich នាំមុខ Man Utd នៅវគ្គទី១។
ឈានចូលដល់វគ្គទីពីរ Harry Kane សម្រេចបានគ្រាប់បាល់ឱ្យ Bayern Munich ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រ មុនពេលកីឡាករ Mathys Telសម្រេចគ្រាប់ទី៤ ។
៣គ្រាប់របស់ក្រុមបិសាចក្រហមកើតឡើងដោយខ្សែប្រយុទ្ធចំណូលថ្មីនិងជាគ្រាប់បាល់លើកដំបូងសម្រាប់ក្រុម Rasmus Hojlund មុនពេលខ្សែបម្រើ Casemiro ស៊ុត ២គ្រាប់។ តែការតាមរហូតបាន ៣គ្រាប់មកវិញមិនសមល្មមជួយឱ្យបិសាចក្រហមរកបាន ១ពិន្ទុពីក្រុមម្ចាស់ផ្ទះវិញឡើយ។
ខកខានជួយសង្គ្រោះគ្រាប់បាល់ជាបន្តបន្ទាប់រហូតធ្វើឱ្យក្រុមចាញ់ការប្រកួត អ្នកចាំទីអន្តរជាតិកាមេរ៉ូន Onana បានស្តីបន្ទោសខ្លួនឯងយ៉ាងខ្លាំងថា បរាជ័យជាបន្តបន្ទាប់គឺព្រោះតែរូបគេតែម្នាក់។
Onana និយាយប្រាប់បែបនេះថា៖ “ខ្ញុំជាមនុស្សតែម្នាក់ដែលធ្វើឱ្យក្រុមខកចិត្ត វាព្រោះតែខ្ញុំទើបយើងមិនឈ្នះការប្រកួតមួយនេះ ខ្ញុំត្រូវតែរៀនអំពីកំហុសទាំងអស់នេះ។ ខ្ញុំត្រូវការបង្ហាញឱ្យបានច្រើនជាងនេះបន្តទៀត និយាយដោយត្រង់ ការចាប់ផ្តើមរបស់ខ្ញុំនៅ Man United គឺមិនសូវបានល្អឡើយ។”
របូត ៤គ្រាប់បន្ថែមទៀតនៅ UCL នេះជាការធ្វើឱ្យរបូតគ្រាប់ច្រើនបន្ថែមទៀតសម្រាប់អ្នកចាំទី Onana នៅក្រុមបិសាចក្រហម បន្ទាប់ពីឆ្លងកាត់ការប្រកួតនៅក្របខណ្ឌ Premier League រូបគេបានរបូតគ្រាប់បាល់ដល់ទៅ ១០គ្រាប់រួចមកហើយ៕