លោក Mauricio Pochettino បានប្រាប់កូនក្រុមឱ្យរៀនសូត្រពីកំហុស បន្ទាប់ពីពួកគេបានចាញ់ Aston Villa ដោយលទ្ធផល ១-០ នៅកីឡដ្ឋាន Stamford Bridge កាលពីយប់មិញ។
Chelsea ដែលស្ថិតនៅលេខ១៤ មាន៥ពិន្ទុក្នុង៦ប្រកួត ក្នុងតារាង Premier League បន្ទាប់ពីបានចំណាយប្រាក់ ១ពាន់លានផោនចាប់តាំងពីការចូលកាន់កាប់កាលពីឆ្នាំមុនរបស់ Todd Boehly និង Clearlake Capital បានបរាជ័យនៅក្នុងដីរបស់ខ្លួនចំនួន២ប្រកួតជាប់ៗគ្នា។
ក្រុមតោខៀវ បានបាត់បង់សមាជិកម្នាក់ ដែលទទួលបានកាតក្រហមដោយ Malo Gusto ហើយខ្សែប្រយុទ្ធ Nicolas Jackson ទទួលបានកាតលឿងទី៥ក្នុងរដូវកាលនេះ ដែលនឹងត្រូវព្យួរសម្រាប់ការប្រកួតបន្ទាប់ទល់នឹង Fulham ។
គ្រូបង្វឹករបស់ Chelsea បាននិយាយថា៖ “ខ្ញុំគិតថាកីឡាករដូចជា Nico នៅក្មេង ហើយពួកគេត្រូវការពេលវេលានៅ Premier League ។
ពួកយើងចង់ឈ្នះ។ ប៉ុន្តែកីឡាករនៅក្មេង មានរឿងត្រូវរៀនសូត្រ ដកបទពិសោធ និងបង្កើតកំហុសបន្ថែមទៀត។ ហេតុនេះហើយបានជាពួកយើងខកចិត្ត ព្រោះមានស្ថានភាពបែបនេះច្រើនពេក”។
ក្នុងការប្រកួតនេះ ខ្សែការពារស្តាំ Malo Gusto ត្រូវបានបណ្តេញចេញបន្ទាប់ពីការពិនិត្យ VAR សម្រាប់កំហុសលើ Lucas Digne ។ Ollie Watkins បានស៊ុតបញ្ចូលទីគ្រាប់បាល់ដំបូងរបស់ខ្លួននៅរដូវកាលនេះ ដើម្បីផ្ដល់ជ័យជម្នះលើ Chelsea ដែលសល់គ្នា១០នាក់។
ជ័យជម្នះនេះ ធ្វើឱ្យក្រុមរបស់លោក Unai Emery ឡើងទៅចំណាត់ថ្នាក់លេខ៦ ដោយមាន ១២ពិន្ទុ៕