Aaron Ramsdale របស់ក្រុម Arsenal បានទះដៃអបអរសាទរ David Raya បន្ទាប់ពីរូបគេបានជួយសង្គ្រោះការប៉ុនប៉ងរបស់ Tottenham Hotspur ទោះបីជា Ramsdale ត្រូវបានអ្នកចាត់ការក្រុមកាំភ្លើងធំឱ្យអង្គុយនៅកៅអីបម្រុងសម្រាប់ការប្រកួត North London Derby ក៏ដោយ។
Ramsdale បានបាត់បង់តំណែងជាអ្នកចាំទីដៃទីមួយ បន្ទាប់ពីត្រូវបានឱ្យនៅបម្រុងសម្រាប់ការប្រកួតចំនួន ៣ នៅគ្រប់កម្មវិធីប្រកួតទាំងអស់។ លោក Mikel Arteta បានសម្រេចចិត្តផ្ដល់ឱកាសសម្រាប់ Raya ដែលខ្ចីជើងពី Brentford ឱ្យបង្ហាញខ្លួនជាជម្រើស១១នាក់ដំបូង។
Raya ដែលផ្ទេរមកមានលក្ខខណ្ឌទិញផ្ដាច់២៧លានផោន បានបដិសេធការទាត់ចំគោលដៅរបស់ Brennan Johnson នៅក្នុងប្រអប់គ្រោះថ្នាក់ បន្ទាប់ពីប្រើដៃស្ដាំទះបាល់ចេញ។ ក្រោយការសង្គ្រោះដ៏អស្ចារ្យនេះ Ramsdale បានទះដៃអបអរមិត្តរួមក្រុមរបស់ខ្លួន។
ការសង្គ្រោះនេះ បានការពារការនាំមុខ ១-០ របស់ក្រុមកាំភ្លើងធំ បន្ទាប់ពី Cristian Romero បានបង្កឱ្យបាល់ចូលទីខ្លួនឯងពីការស៊ុតរបស់ Bukayo Saka ។ ប៉ុន្តែ Spurs បានវាយបកនៅទឹកដី Emirates ដោយ Heung Son-min ជាអ្នករកគ្រាប់បាល់ពីការកាត់របស់ James Maddison មុនសម្រាកវគ្គទីមួយ។
Arsenal ទទួលបាល់១១ម៉ែត្រ និងស៊ុតដោយ Saka បានសម្រេចបន្ទាប់ពីការចាប់ផ្ដើមវគ្គទីពីរ។ ប៉ុន្តែក្រុមមាន់ខ្នាយមាស វាយបកភ្លាមៗ នៅពេលដែល Maddison ឆក់បាល់ពី Jorginho ហើយបញ្ជូនឱ្យ Son ដែលបានផ្ដល់គ្រាប់តាមស្មើ ២-២ រហូតដល់ចប់ការប្រកួត។
ក្រោយការប្រកួត អ្នកចាត់ការ Arsenal បានឱ្យដឹងថា៖ “ខ្ញុំយល់ (ពីការខកចិត្តរបស់ Ramsdale) ហើយវាពិតជាលំបាកសម្រាប់កីឡាករគ្រប់ៗរូប”។
ការបាត់បង់២ពិន្ទុ ធ្វើឱ្យ Arsenal ត្រូវធ្លាក់មកឈរនៅលេខ៥ ជាមួយនឹង១៤ពិន្ទុស្មើ Spurs ក្នុងតារាង Premier League តែចាញ់ក្រុមមាន់ខ្នាយមាសនូវផលសងគ្រាប់បាល់៕