ម្ចាស់ក្លិប Newcastle United ព្រះអង្គម្ចាស់ Mohammed bin Salman រាជទាយាទអារ៉ាប៊ីសាអ៊ូឌីត បានបដិសេធការចោទប្រកាន់ថា ទ្រង់កំពុងប្រើវិស័យកីឡា លុបលាងទង្វើអាក្រក់។ ការលើកឡើងនេះ កើតឡើងបន្ទាប់ពីទ្រង់រងការចោទប្រកាន់ថា ការវិនិយោគវិស័យកីឡា និងប្រើប្រាស់ព្រឹត្តិការណ៍ធំៗ នៅក្នុងវិស័យនេះ ដើម្បីបង្កើនកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិរបស់ទ្រង់។
មូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអ៊ូឌីត PIF បានទិញយកក្លិប Newcastle United កាលពីឆ្នាំមុន ព្រមទាំងបានបង្កើតការប្រកួតកីឡាវាយកូនគោលលំដាប់ពិភពលោក LIV Golf ផងដែរ។
យ៉ាងណា អារ៉ាប៊ីសាអ៊ូឌីតរងការរិះគន់ និងចោទប្រកាន់ចំពោះការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ បន្ទាប់ពីបុរសចំនួន៨១នាក់ ត្រូវបានប្រហារជីវិតត្រឹមតែ១ថ្ងៃ កាលពីឆ្នាំមុន។ ប្រទេសនេះ ក៏រងការចោទប្រកាន់អំពីការរំលោភសិទ្ធិនារី ឧក្រិដ្ឋកម្មនៃការស្រឡាញ់ភេទដូចគ្នា ការរឹតបន្តឹងសេរីភាពនៃការបញ្ចេញមតិ និងសង្គ្រាមនៅក្នុងប្រទេសយេមែន។
ជុំវិញរឿងនេះ ព្រះអង្គម្ចាស់ Bin Salman បានមានបន្ទូលថា៖ “បើការប្រើប្រាស់វិស័យកីឡា នឹងបង្កើន GDP ប្រទេស១ភាគរយ នោះយើងនឹងបន្តធ្វើវាទៀត។ ខ្ញុំមិនខ្វល់អំពីពាក្យអស់ទាំងនោះទេ ប្រទេសខ្ញុំមានកំណើន GDP ដែលបានមកពីវិស័យកីឡា។”
អ្នកធ្វើយុទ្ធនាការសិទ្ធិមនុស្សបានលើកឡើងថា វិស័យកីឡាត្រូវបានរដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត ប្រើប្រាស់ដើម្បីបង្វែទង្វើអាក្រក់។ ការទិញក្លិបកីឡាដូចជា ក្លិប Newcastle ឬ LIV Golf គឺជាការចូលរួមក្នុងវិស័យកីឡា ដែលបំផ្លាញកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសនេះ។ បច្ចុប្បន្ន ទឹកប្រាក់ដ៏មហាសាលរបស់អារ៉ាប៊ីសាអ៊ូឌីតបានចំណាយ លើកីឡាបាល់ទាត់លីគកំពូល Saudi Pro League និងកីឡាផ្សេងទៀត តែប្រតិបត្តិការទាំងនោះ ក៏កំពុងមមាញឹកក្នុងការបង្ក្រាបសិទ្ធិមនុស្សផងដែរ។
សូមជម្រាបថា មូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអ៊ូឌីត គឺស្ថិតក្នុងចំណោមមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យដ៏ធំបំផុតនៅលើពិភពលោក ដែលបច្ចប្បន្ននេះ មានទ្រព្យសម្បត្តិសរុបរហូតដល់ ៧៧៦ពាន់លានដុល្លារអាមេរិក៕