ក្រុម Manchester United បានពិន័យខ្សែបម្រើស្លាប Jadon Sancho មិនឱ្យហ្វឹកហាត់ជាមួយមិត្តរួមក្រុម និងត្រូវហាមឃាត់មិនឱ្យចូលតុស្រស់ស្រូបអាហារជាមួយក្រុមផងដែរ។
Sancho បាននៅក្រៅទីលានប្រកួត និងកន្លែងហ្វឹកហាត់ បន្ទាប់ពីជម្លោះជាមួយលោក Erik ten Hag គ្រូបង្វឹករបស់ក្រុមបិសាចក្រហម ក្រោយការប្រកួតនៅកីឡដ្ឋាន Emirates កាលពីថ្ងៃទី៣ ខែកញ្ញា។
Sancho ដែលផ្ទេរពី Borussia Dortmund ក្នុងតម្លៃ៧៣លានផោន បានរិះគន់អ្នកគ្រប់គ្រងរបស់ខ្លួននៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter បន្ទាប់ពី Ten Hag ថ្លែងក្រោយចាញ់ Arsenal ៣-១ ថា Sancho បានបង្ហាញទម្រង់លេងមិនល្អក្នុងពេលហ្វឹកហាត់។
ប៉ុន្តែ Sancho បានឆ្លើយតបវិញថា៖ “សូមកុំជឿរាល់អ្វីដែលអ្នកបានអាន! ខ្ញុំនឹងមិនអនុញ្ញាតឱ្យមនុស្សនិយាយអ្វីដែលមិនពិតទាំងស្រុងនោះទេ។ ខ្ញុំបានហ្វឹកហាត់យ៉ាងល្អក្នុងសប្តាហ៍នេះ។”
កីឡាករវ័យ២៣ឆ្នាំរូបនេះ តម្រូវឱ្យសុំទោសគ្រូបង្វឹករបស់ខ្លួនជាសាធារណៈ ប៉ុន្តែមកទល់ពេលនេះ រូបគេមិនទាន់ធ្វើវានៅឡើយទេ។
កីឡាករសញ្ជាតិអង់គ្លេសខាងលើ ក៏ត្រូវបាន Ten Hag ដកចេញពីក្រុមដោយតម្រូវឱ្យហ្វឹកហាត់តែម្នាក់ឯងរយៈពេល ៤ខែ កាលពីឆ្នាំមុន និងបានត្រឡប់មកកាន់ក្រុមវិញក្នុងខែកុម្ភៈ៕