ខ្សែប្រយុទ្ធ Kylian Mbappe អាចខកខានការប្រកួតរបស់ Paris Saint-Germain ទល់នឹង Newcastle United នៅពានរង្វាន់ UEFA Champions League ដោយសាររូបគេបានរងរបួស។
ជាក់ស្តែង កីឡាករ វ័យ ២៤ឆ្នាំ បានរងរបួសកជើង អំឡុងការប្រកួតដែល Paris Saint-Germain ឈ្នះ Marseille ក្នុងលទ្ធផល ៤-០ នៅក្របខណ្ឌលីគបារាំងកាលពីចុងសប្តាហ៍កន្លងទៅ។
Mbappe ត្រូវបានផ្លាស់ប្ដូរចេញតាំងពីនាទីទី ៣២ ជំនួសវិញដោយខ្សែប្រយុទ្ធព័រទុយហ្គាល់ពាក់អាវលេខ ៩ Gonçalo Ramos។ Ramos ព័រទុយហ្គាល់កើតឆ្នាំ២០០១ ត្រូវបានប្ដូរចូលមកស៊ុតចូល ២គ្រាប់ឱ្យ PSG។
មិនទាន់មានប្រភពណាបញ្ជាក់ថា Mbappe នឹងអវត្តមានប៉ុន្មានប្រកួតនោះទេ ប៉ុន្តែបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC កីឡាករបារាំងរូបនេះអាចនឹងខកខានជួយ PSG ក្នុងប្រកួតប៉ះនឹង Newcastle United ដែលនឹងប្រព្រឹត្តិទៅនៅសប្ដាហ៍ក្រោយ។
សូមបញ្ជាក់ថា កាលពីប្រកួតបើកឆាកពានរង្វាន់ UEFA Champions League ពូល F ក្រុម Paris Saint-Germain បានយកឈ្នះ Borussia Dortmund ដោយលទ្ធផល ២-០ ដែលធ្វើឱ្យពួកគេឈរកំពូលតារាងមាន ៣ពិន្ទុ ខណៈក្រុម Newcastle United ឈរលេខ២ មាន១ពិន្ទុ ក្រោយបានត្រឹមស្មើគ្នា ០-០ ទល់នឹងក្រុម AC Milan៕