×

គ្រូ Man UTD បង្ហាញភាពរីករាយក្រោយយកឈ្នះ Crystal Palace បន្តឡើងជុំទី៤ ពានរង្វាន់ EFL Cup

លោក Erik ten Hag គ្រូបង្វឹក Manchester United មានការរំភើបជាមួយនឹងរបៀបលេងដែលក្រុមរបស់ខ្លួនបានបង្ហាញ អំឡុងការប្រកួតពានរង្វាន់ EFL Cup ជុំទី៣ ដោយបានឈ្នះ ៣-០ ទៅលើក្រុម Crystal Palace ហើយបានទទូចថា ក្រុមបិសាចក្រហមកំពុងដើរលើផ្លូវត្រូវឆ្ពោះទៅរកភាពជោគជ័យ។

ជាការពិត ក្នុងការប្រកួតដែលធ្វើឡើងនាកីឡដ្ឋាន Old Trafford ក្រុម Man UTD ដែលដឹកនាំដោយលោក Ten Hag បានយកឈ្នះទៅលើក្រុម Crystal Palace ដឹកនាំដោយលោក Roy Hodgson បន្ទាប់ពីការរកគ្រាប់បាល់២គ្រាប់ដោយ Alejandro Garnacho នៅនាទី២១ និង Casemiro នៅនាទី២៧ នៅក្នុងវគ្គទី១។

រីឯវគ្គទី២វិញ Man UTD បន្តរកគ្រាប់បាល់១គ្រាប់ទៀត ដោយ Anthony Martial នៅនាទី៥៥ ធានាជ័យជម្នះដល់ក្រុមម្ចាស់ផ្ទះ។

តាមរយៈរបៀបលេងដ៏ល្អបែបនេះ បានធ្វើឱ្យលោក Erik ten Hag មានការសប្បាយចិត្ត និងថា វាជាការប្រកួតយ៉ាងពិសេសសម្រាប់ក្រុមខ្លួន។ វាក៏បានបន្ថយសម្ពាធមកលើគ្រូបង្វឹកជនជាតិហូឡង់ ក្រោយទទួលបានលទ្ធផលពុំសូវល្អ ក្នុងការប្រកួតមួយរយៈចុងក្រោយនេះ។

លោក Ten Hag បាននិយាយក្រោយចប់ការប្រកួតថា៖ “វាជាការប្រកួតដ៏ពិសេស ហើយខ្ញុំគិតថាយើងលេងបានល្អ និងគ្រប់គ្រងការប្រកួត។ ដូច្នេះនោះគឺជាអ្វីដែលយើងកំពុងស្វែងរក។ យើងបានជួបភាពខកចិត្តនាពេលកន្លងមក ប៉ុន្តែអ្នកក៏អាចមើលឃើញថាថ្ងៃនេះយើងបានបោះជំហានទៅមុខក្នុងរបៀបដែលយើងការពារ របៀបដែលយើងប្រយុទ្ធ។ ដូច្នេះនៅមានការប្រកួតច្រើនទៀតដែលនឹងមកដល់ ប៉ុន្តែយើងកំពុងតែធ្វើការរីកចម្រើន ហើយយើងនឹងបោះជំហានឈានទៅមុខ។”

ក្រុមបិសាចក្រហម នឹងបន្តឡើងទៅកាន់ជុំទី៤ នៃពានរង្វាន់ EFL Cup ដោយការចាប់ឆ្នោតផ្គូផ្គងនឹងធ្វើឡើងនាថ្ងៃនេះ។

ដោយឡែក ក្រោយចប់ការប្រកួតនេះរួច Man UTD នឹងត្រូវវិលមកប៉ះគ្នាសាជាថ្មីជាមួយនឹង Crystal Palace ម្តងទៀត នៅក្នុងការប្រកួតក្របខណ្ឌ Premier League វិញ ដែលធ្វើឡើងនាកីឡដ្ឋាន Old Trafford ដដែល នាចុងសប្តាហ៍នេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង