×

គ្រូ Chelsea ថា ការឈ្នះពានរង្វាន់ EFL Cup ជាគោលដៅធំនារដូវកាលនេះ

លោក Mauricio Pochettino គ្រូបង្វឹក Chelsea បានទទួលស្គាល់ថា រូបលោកកំពុងដាក់អាទិភាពសម្រាប់ក្រុមតោខៀវដើម្បីព្យាយាមដណ្តើមយកពានរង្វាន់ EFL Cup នៅរដូវកាលនេះ។

ជាការពិត នៅពេលដែលបុរសជនជាតិអាហ្សង់ទីន បានយល់ព្រមមកកាន់តំណែងជាគ្រូបង្វឹកថ្មីរបស់ក្រុម Chelsea កាលពីរដូវក្តៅកន្លងទៅ លោកបានដឹងយ៉ាងច្បាស់រួចទៅហើយថាក្លិប គឺគ្មានកៅអីលេងនៅក្នុងពានរង្វាន់របស់អឺរ៉ុបណាមួយនោះឡើយ។

យ៉ាងណាមិញ សម្រាប់ពានរង្វាន់ក្នុងស្រុក ដូចជាពានរង្វាន់ EFL Cup វិញ Chelsea បានដាក់គោលដៅក្នុងការប្រជែងយក និងកំពុងធ្វើបានយ៉ាងល្អ ដោយពួកគេទើបតែបានយកឈ្នះក្រុម Brighton នៅក្នុងការប្រកួតជុំទី៣ តាមរយៈលទ្ធផល ១-០ ដែលជាការរកគ្រាប់បាល់បញ្ចូលទី ដោយ Nicolas Jackson នៅក្នុងវគ្គទី២។

ក្រោយបញ្ចប់ការប្រកួតនោះ លោក Mauricio Pochettino បានកោតសរសើរពីទម្រង់លេងរបស់ក្រុម និងបានអះអាងពីគោលបំណងរបស់ខ្លួនក្នុងការប្រជែងពានរង្វាន់ក្នុងស្រុកមួយនេះ។
គ្រូបង្វឹកវ័យ ៥១ឆ្នាំ បានអោយដឹងដូច្នេះថា៖ “ វាគឹជាគោលបំណងធំមួយរបស់យើង ក្នុងរដូវកាលនេះ។ យើងត្រូវគិតថានេះ ជាឱកាសធំមួយ ដើម្បីអាចឈ្នះពានរង្វាន់។ វាគឺជាការប្រកួតប្រជែងខុសគ្នា ហើយយើងត្រូវតែផ្លាស់ប្តូរអារម្មណ៍របស់យើង។ ម្សិលមិញ និងថ្ងៃនេះ យើងបានពិភាក្សាគ្នាច្រើន ដើម្បីបន្ថែមទំនុកចិត្តនៅក្នុងក្រុម ហើយការប្រកួត EFL Cup នៅថ្ងៃនេះ ខ្ញុំគិតថាក្រុមរបស់យើងបានត្រៀមខ្លួនរួចរាល់ហើយ។”

សម្រាប់ជ័យជម្នះនេះ ក្រុម Chelsea នឹងត្រូវបន្តឡើងទៅកាន់ការប្រកួតជុំទី៤ ដោយត្រូវប៉ះជាមួយក្រុមមកពីលីគទី២ Blackburn Rovers ដែលបានយកឈ្នះក្រុម Cardiff City មគពីលីគទី២ដូចគ្នា ដោយលទ្ធផល ៥-២។ ការប្រកួតរវាងក្រុមទាំង២នឹងធ្វើឡើងនាខែតុលាខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង