×

ខ្សែបម្រើ Antony នឹងជួបមន្ត្រីប៉ូលិសអង់គ្លេស ជុំវិញបទចោទរំលោភ និងហិង្សា

ខ្សែបម្រើ Antony របស់ Man UTD បានយល់ព្រមជួបជជែកជាមួយនឹងមន្ត្រីប៉ូលិសទីក្រុង Manchester ដើម្បីផ្តល់ចម្លើយទាក់ទងនឹងការចោទប្រកាន់ជុំវិញបទចោទរំលោភបំពាននិងហិង្សា។

ការចោទប្រកាន់លើ Antony ត្រូវបានគេយល់ថាកីឡាករប្រេស៊ីល វ័យ ២៣ឆ្នាំ បានសុខចិត្តប្រគល់ទូរសព្ទរបស់ខ្លួនទៅកាន់មន្រ្តីប៉ូលិសទីក្រុង Manchester ដើម្បីជួយដល់ការស៊ើបអង្កេតនេះ។

អតីតមិត្តស្រីរបស់ Antony នាង Gabriela Cavallin បានចោទប្រកាន់រូបគេ ពីបទរំលោភបំពានតាមរយៈសារព័ត៌មានប្រេស៊ីល UOL ហើយ Antony ផ្ទាល់បានបដិសេធលើការចោទប្រកាន់។ Antony ក៏រងការចោទប្រកាន់ថារំលោភទៅលើនាង Rayssa de Freitas និង Ingrid Lana កាលឆ្នាំ ២០២២ ដែលជាមិត្តភ័ក្កិរបស់អតីតមិត្តស្រីខ្លួនផងដែរ។

សម្រាប់ក្លិប Man United បាននិយាយថា ពួកគេកំពុងចាត់វិធានការលើការចោទប្រកាន់ ហើយប្រឆាំងយ៉ាងធ្ងន់ធ្ងរសម្រាប់ទង្វើដែលបានរកឃើញ។ ក្លិបក៏នឹងមានវិធានការអនុញ្ញាតឱ្យ Antony សម្រាករយៈពេលខ្លី ជាមួយនឹងប្រាក់ឈ្នួលពេញលេញដើម្បីដោះស្រាយការចោទប្រកាន់។

តាំងពីដើមខែកញ្ញា Antony បានស្ថិតនៅក្នុងប្រទេសប្រេស៊ីលចាប់តាំងពី កាតព្វកិច្ចក្រុមជម្រើសជាតិប្រេស៊ីលរួច ប៉ុន្តែគេត្រូវបានដកចេញពីក្រុមប្រេស៊ីល ពេលដែលព័ត៌មាននៃការចោទប្រកាន់នេះបានលេចចេញមក។
កាលពីថ្ងៃទី៤ ខែកញ្ញា សារព័ត៌មានប្រេស៊ីល UOL បានចេញផ្សាយការចោទប្រកាន់ដែលធ្វើឡើងដោយអតីតមិត្តស្រីរបស់ Antony ដែលនាងបានចោទប្រកាន់ថាកីឡាករក្រុម Man United បានប្រើអំពើហិង្សារដោយការវាយក្បាលនាង នៅក្នុងបន្ទប់សណ្ឋាគារក្នុងទីក្រុង Man United កាលពីថ្ងៃទី១៥ ខែមករា។

នាង Cavallin បានអះអាងថានាងបានរងរបួសក្បាល ហើយបន្ថែមទៀតថានាងត្រូវបាន Antony វាយចំដើមទ្រូង ដែលតម្រូវឱ្យមានការវះកាត់កែលម្អឡើងវិញថែមទៀត។

សម្រាប់ Antony ក៏បាននិយាយនៅលើបណ្តាញសង្គមទាក់ទងនឹងអតីតមិត្តស្រីគេថា គេមិនបានបង្កហិង្សាអ្វីឡើយទៅលើនាង Cavallin ហើយព័ស្តុតាងដែលបានដាក់សម្រាប់ចោទប្រកាន់លើគេ សុទ្ធសឹងតែបានប្រឌិតឡើង។

កាលពីខែមិថុនា Antony ក៏ត្រូវបានមន្ត្រីប៉ូលិសប្រេស៊ីលហៅទៅសាកសួរផងដែរ ហើយមកដល់ពេលថ្មីនេះប៉ូលិសប្រេស៊ីលក៏មិនជំទាស់សម្រាប់ការអនុញ្ញាតឱ្យ Antony វិលត្រឡប់ទៅកាន់ចក្រភពអង់គ្លេសវិញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង