×

Liverpool ចាត់ទុកកំហុស VAR បានបំផ្លាញសុចរិតភាពនៅក្នុងកីឡាបាល់ទាត់

ក្រុម Liverpool បានចេញសេចក្ដីថ្លែងការណ៍ថា កំហុសរបស់វីដេអូជំនួយការអាជ្ញាកណ្តាល (VAR) ដែលបានបដិសេធគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Luis Diaz នៅក្នុងការបរាជ័យ ២-១ នៅលើទឹកដីក្រុម Tottenham បានធ្វើឱ្យខូចខាតដល់សុចរិតភាពនៅក្នុងកីឡាបាល់ទាត់។

កីឡាករ Liverpool ដែលសល់គ្នា៩នាក់បានបរាជ័យ បន្ទាប់ពី Joel Matip បានបង្កឱ្យបាល់ចូលទីខ្លួនឯងក្នុងម៉ោងបន្ថែម ប៉ុន្តែពួកគេគួរតែនាំមុខក្នុងវគ្គទីមួយ តាមរយៈគ្រាប់បាល់របស់ Diaz ដែលបានច្រានចោលថាជាបាល់ Offside ។

ប៉ុន្តែ VAR បានបរាជ័យក្នុងការបដិសេធការសម្រេចចិត្តមិនត្រឹមត្រូវរបស់ខ្លួន ដែលនាំឱ្យស្ថាប័នអាជ្ញាកណ្តាលអង់គ្លេស PGMOL ចេញសេចក្តីថ្លែងការណ៍ស្តីបន្ទោស នៅក្នុងការប្រកួតនៃក្របខណ្ឌ Premier League ។

Liverpool បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “វាច្បាស់ណាស់ថា ច្បាប់នៃការប្រកួតនេះមិនត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវទេ ដែលធ្វើឱ្យខូចខាតដល់សុចរិតភាពនៃកីឡាបាល់ទាត់”។

ស្ថាប័នអាជ្ញាកណ្តាលអង់គ្លេស បាននិយាយថា ការមិនអនុញ្ញាតលើគ្រាប់បាល់របស់ Diaz គឺជា កំហុសច្បាស់លាស់ និងជាក់ស្តែង ហើយគ្រាប់បាល់ឱ្យតែត្រូវបានផ្ដល់ឱ្យ តាមរយៈការអន្តរាគមន៍របស់ VAR។ ពួកគេបានបន្ថែមថា ខ្លួននឹងធ្វើការពិនិត្យទៅលើកាលៈទេសៈដែលនាំឱ្យមានកំហុស។

Liverpool បន្ថែមថា កំហុសរបស់មនុស្សមិនអាចទទួលយកបានទេ ហើយគេត្រូវពិនិត្យបញ្ហានេះដើម្បីផ្ដល់តម្លាភាពដល់ក្លិបទាំងអស់ ដោយនេះជាការផ្ដល់ទំនុកចិត្តសម្រាប់ការសម្រេចចិត្តនៅពេលក្រោយៗទៀត ហើយត្រូវប្រាកដថាវានឹងមិនកើតឡើងម្ដងទៀតឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង