គ្រាប់បាល់ដំបូងបំផុតរបស់ខ្សែបម្រើ Mykhailo Mudryk និងការស៊ុតបញ្ចូលទីពីខ្សែប្រយុទ្ធ Armando Broja បានជួយឱ្យក្រុម Chelsea យកឈ្នះក្រុម Fulham ដោយលទ្ធផល ២-០ ក្នុងការប្រកួតក្របខណ្ឌ Premier League ដែលធ្វើឡើងនាទីលាន Craven Cottage កាលពីយប់មិញ។
ជាការពិត Mykhailo Mudryk បានស៊ុតបញ្ចូលទី នៅនាទី ១៨ ហើយវាជាគ្រាប់បាល់ដំបូងរបស់គេសម្រាប់ក្រុមតោខៀវចាប់តាំងពីផ្ទេរមកពីក្រុមអ៊ុយក្រែន Shakhtar Donetsk កាលពីខែមករា។ គ្រាប់បាល់នេះចាត់ទុកជាការផ្លាស់ប្តូររបត់អាជីពរបស់គេជាមួយក្រុម Chelsea ព្រោះតែមិនអាចរកគ្រាប់បាល់បានសោះ ក្រោយការបង្ហាញខ្លួន២៣ប្រកួតមកហើយ។ Chelsea នៅបន្តរកបានគ្រាប់បាល់ទី២សម្រាប់ការប្រកួតនេះ ពេល Armando Broja ស៊ុតបញ្ចូលទីនៅនាទី ១៩ ហើយវាក៏ជាគ្រាប់បាល់ដំបូងរបស់គេ ចាប់តាំងពីមានរបួសជង្គង់ តាំងពីខែតុលា ឆ្នាំ២០២២មក។
សម្រាប់ក្រុមម្ចាស់ផ្ទះ Fulham វិញ មិនអាចរកគ្រាប់បាល់បានទេ ទោះបីមានឱកាសល្អៗជាច្រើនដងក្តី ហើយក្រុម Chelsea ក៏មិនអាចរកគ្រាប់បាល់បានជាបន្តដូចគ្នា ទើបលទ្ធផល ២-០ បានរក្សាដល់ចប់ការប្រកួត។
ដោយឡែក សម្រាប់ការបង្កើតឱកាស និងការរកគ្រាប់បាល់របស់ Mykhailo Mudryk បានផ្តល់ផលល្អជាច្រើនសម្រាប់ Chelsea ដែលធ្វើឱ្យគ្រូបង្វឹក លោក Mauricio Pochettino មានការពេញចិត្ត ប៉ុន្តែលោកក៏អះអាងបន្ថែមទៀតថា កីឡាករត្រូវការភាពជឿជាក់បន្ថែមទៀត។
គ្រូបង្វឹកជនជាតិអាហ្សង់ទីន បាននិយាយក្រោយចប់ការប្រកួតថា៖ “Mudryk លេងបានល្អដោយសារតែគេបានបង្ហាញពីអ្វីដែលគេបានធ្វើនៅពេលហ្វឹកហាត់ដែលគេសមនឹងទទួលបាន។ គេពិតជាផ្តោតអារម្មណ៍ ហើយការលេងរបស់គេ បានផ្តល់ឱ្យយើងនូវទំនុកចិត្តក្នុងការដាក់គេនៅលើទីលាន។ ខ្ញុំរីករាយចំពោះ Mudryk ប៉ុន្តែអ្វីដែលគេត្រូវធ្វើបន្តគឺត្រូវស្វែងរកទំនុកចិត្តបន្ថែមទៀត។”
ជ័យជម្នះនេះ បានធ្វើឱ្យ Chelsea ឡើងមកឈរលេខ១១ ក្នុងតារាងពិន្ទុក្របខណ្ឌ Premier League មាន៨ពិន្ទុ ខណៈ Fulham រអិលចុះទៅលេខ១៣ វិញមាន៨ពិន្ទុដូចគ្នា៕