×

ខ្សែការពារ Lisandro Martinez ទំនងអវត្តមានការប្រកួតរវាង Man UTD ទល់នឹង Galatasaray ដោយសាររបួស

ខ្សែការពារ Lisandro Martinez បានរងរបួសប្រអប់ជើងស្ដាំ ហើយត្រូវទទួលការវះកាត់នាពេលដ៏ខ្លីខាងមុខ ដែលធ្វើឱ្យរូបគេទំនងមិនអាចចូលលេងក្នុងការប្រកួត UEFA Champions League យប់នេះបានទេ។ នេះបើតាមលោក Erik Ten Hag គ្រូបង្វឹក Manchester United។

កីឡាករអាហ្សង់ទីនវ័យ២៥ឆ្នាំ ត្រូវបានក្រុមគ្រូពេទ្យបានលើកចេញភ្លាម បន្ទាប់ពីរងរបួសប្រអប់ជើងស្ដាំ កាលពីប្រកួត Manchester United ទល់នឹង Arsenal កាលពីដើមខែមុន។

ទោះជាយ៉ាងណា រូបគេបានបន្តចូលលេងក្នុងប្រកួតជាមួយ Brighton នៅក្របខណ្ឌ Premier League និង Bayern Munich នៅក្របខណ្ឌ UEFA Champions League ផងដែរ។ យោងតាមការចុះផ្សាយរបស់ The Sun ខ្សែការពារអាហ្សង់ទីនបានប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ដើម្បីបន្ថយការឈឺចាប់នៅមុខរបួស ហើយចូលលេងជួយក្រុម។

ក្លិបបិសាចក្រហមបានធ្វើតេស្ដប្រអប់ជើងស្ដាំរបស់ Martinez ទើបរកឃើញថា រូបគេមានរបួសធ្ងន់ធ្ងរ ហើយទាមទារការវះកាត់។ ការវះកាត់នឹងធ្វើឡើងក្នុងពេលឆាប់ៗ ហើយបើវះកាត់បានជោគជ័យ កីឡាករនឹងត្រូវសម្រាករយៈពេល ២ ទៅ ៣ ខែ។

ទាក់ទិននឹងរឿងនេះ លោក Erik Ten Hag បានឱ្យដឹងថា៖ “វាជារឿងគួរឱ្យសោកសា្តយសម្រាប់ Martinez និងក្រុមរបស់យើង។ រូបគេមិនមានសភាពពេញលេញ១០០ភាគរយទេ ហើយគេទំនងមិនអាចលេងបានទេ។ យ៉ាងណា យើងនៅមានកីឡាករដទៃទៀត ហើយយើងក៏នឹងរង់ចាំមើលស្ថានការណ៍បន្តទៀតដែរ។”

អតីតសមាជិក Ajax ទើបតែវះកាត់ប្រអប់ជើងស្ដាំកាលពីខែមេសា ឆ្នាំនេះតែប៉ុណ្ណោះ ដោយកាលនោះរូបគេត្រូវសម្រាកប្រមាណ ៣ ខែ។ Lisandro Martinez បានមកចូលរួមជាមួយ Man UTD កាលពីឆ្នាំ ២០២២ ដោយបានបង្ហាញទម្រង់លេងយ៉ាងល្អ និងក្លាយជាកីឡាករសំខាន់មួយរូបរបស់ក្រុម។

ដោយឡែក Man UTD នឹងត្រូវជួបក្រុមតួកគី Galatasaray ក្នុងជំនួបជុំទី២ ពូល A ពានរង្វាន់ UEFA Champions League យប់នេះ ដែលការប្រកួតនឹងធ្វើឡើងនាកីឡដ្ឋាន Old Trafford ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង