គ្រូបង្វឹក Manchester United លោក Erik Ten Hag បាននិយាយថា រូបលោកគឺជាអ្នកទទួលខុសត្រូវចំពោះការបរាជ័យរបស់ក្រុមបិសាចក្រហមក្រោមថ្វីជើងក្រុម Galatasaray កាលពីយប់មិញ។
រដូវកាលដ៏ក្រៀមក្រំរបស់ Man UTD បន្តកើតមាន ពេលដែលពួកគេបានចាញ់ដោយលទ្ធផល ៣-២ នៅលើទឹកដីខ្លួនឯងក្រោមថ្វីជើងក្រុមតួកគី Galatasaray ដែលធ្វើឱ្យពួកគេស្ថិតនៅបាតតារាងពូល A ពានរង្វាន់ UEFA Champions League ។ ការប្រកួតនាទីលាន Old Trafford នេះ Man UTD បាននាំមុខមុននៅនាទី១៧ដោយ Rasmus Hojlund តែ Wilfried Zaha បានតាមស្មើវិញនៅនាទី២៣ បន្ទាប់ពីការពារមិនបានល្អរបស់ក្រុមម្ចាស់ផ្ទះ ដែលបញ្ចប់វគ្គទី១ ដោយលទ្ធផល ១-១។
នៅវគ្គទី២ Hojlund ដដែលបានវាយបកយ៉ាងអស្ចារ្យដោយការភ្លាត់ស្នៀតពីខ្សែការពារ Davinson Sanchez ធ្វើឱ្យ Man UTD នាំមុខវិញនៅនាទី៦៧ តែ Kerem Akturkoglu បានរកគ្រាប់បាល់តាមស្មើឱ្យ Galatasaray សាជាថ្មី។ នាទី៧៧ កំហុសរបស់អ្នកចាំទី Andre Onana បានបង្ខំឱ្យខ្សែបម្រើ Casemiro ត្រូវរងពិន័យកាតលឿងទី២ស្មើកាតក្រហម ធ្វើឱ្យគេត្រូវបានបណ្តេញចេញពីទីលាន ហើយគូប្រកួតបានទទួលការទាត់បាល់ពិន័យ១១ម៉ែត្រថែមទៀត។ Mauro Icardi ជាអ្នកស៊ុតបាល់ពិន័យនេះ ប៉ុន្តែមិនសម្រេច។ យ៉ាងណា រូបគេនៅតែអាចស៊ុតបញ្ចូលសំណាញ់ទីក្រុមបិសាចក្រហមបានដដែល ក្នុងនាទី ៨១ ដើម្បីឱ្យក្រុម Galatasaray ទទួលបានជ័យជម្នះ។
Man UTD បានរងបរាជ័យ៤ប្រកួតមកហើយនៅក្របខណ្ឌ Premier League ដោយបានចាញ់ក្រុម Crystal Palace នៅចុងសប្តាហ៍មុន។ ឥឡូវនេះ ពួកគេបានបន្តរងបរាជ័យនៅក្នុងពានរង្វាន់ UEFA Champions League ដែលជាបរាជ័យទី២ជាប់គ្នាក្នុងពូល ធ្វើអោយក្រុមស្ថិត នៅក្នុងភាពអួអាប់។
យ៉ាងណា ចំពោះលទ្ធផលមិនល្អប្រសើទាំងអស់នេះ គ្រូបង្វឹក Man UTD លោក Erik Ten Hag បានអះអាងថា លោកគឺជាអ្នកទទួលខុសត្រូវទាំងស្រុង។
បុរសជនជាតិហូឡង់បានឱ្យដឹងក្រោយចប់ការប្រកួតថា៖ “ខ្ញុំយល់ពីស្ថានភាពនេះ ប៉ុន្តែអ្វីទាំងអស់គឺខ្ញុំជាអ្នកទទួលខុសត្រូវ ទាំងការលេង និងលទ្ធផល។ យើងមិនទទួលបានអ្វីដែលយើងរំពឹងទុកហើយយើងមានភាពសោកស្តាយ តែយើងនឹងព្យាយាមធ្វើអី្វដែលល្អប្រសើរនៅពេលក្រោយ។”
ដោយឡែក ការប្រកួត១គូទៀតក្នុងពូលជាមួយគ្នាគឺ Bayern Munich ឈ្នះ Copenhagen ដោយលទ្ធផល ២-១។ ដូច្នេះ ឆ្លងកាត់២ប្រកួត Bayern Munich ឈរកំពូលតារាងមាន៦ពិន្ទុ Galatasaray នៅលេខ២ មាន៤ពិន្ទុ Copenhagen នៅលេខ៣មាន១ពិន្ទុ ហើយ Man UTD នៅលេខ៤មាន០ពិន្ទុ៕