×

គ្រូ Liverpool ចង់ឱ្យមានការប្រកួតជាមួយ Tottenham Hotspur សាឡើងវិញ

លោក Jurgen Klopp អ្នកចាត់ការ Liverpool ចង់ឱ្យការប្រកួតនៅក្របខណ្ឌ Premier League ទល់នឹង Tottenham លេងសាឡើងវិញ បន្ទាប់ពីគ្រាប់បាល់របស់ Luis Diaz ដែលជាបាល់មិន Offside ត្រូវបានវីដេអូជំនួយការអាជ្ញាកណ្ដាល (VAR) បដិសេធ។

លោក Darren England ដែលកាន់កាប់ VAR ក្នុងការប្រកួត និងជំនួយការរបស់គាត់ លោក Dan Cook មិនបានបដិសេធទេ នៅពេលគ្រាប់បាល់របស់ Diaz ត្រូវបានសម្រេចថា Offside ពេលលទ្ធផលនៅ ០-០ ។ ទោះជាយ៉ាងណា ក្រោយចប់ការប្រកួត Liverpool ចាញ់ ២-១ ដោយសារគ្រាប់បាល់ចូលទីខ្លួនឯងនៅនាទីទី ៩៦ ពី Joel Matip ។

លោក Klopp បាននិយាយថា៖ “រឿងបែបនេះមិនធ្លាប់កើតឡើងទេ ដូច្នេះហើយបានជាខ្ញុំគិតថាការលេងឡើងវិញគឺជារឿងដ៏ត្រឹមត្រូវដែលគួរធ្វើ”។

ប៉ុន្តែ សារព័ត៌មាន BBC Sport ឱ្យដឹងថា ស្ថាប័ន Premier League ទំនងជាមិនធ្វើការប្រកួតឡើងវិញទេ ទោះបីជា Liverpool ដាក់ឬពុំដាក់សំណើជាផ្លូវការដើម្បីសុំប្រកួតសាជាថ្មីក៏ដោយ។

ស្ថាប័នរបស់អាជ្ញាកណ្តាលអង់គ្លេស (PGMOL) បានបញ្ចេញសំឡេងនៃការពិភាក្សារវាងអាជ្ញាកណ្ដាលលើទីលាន និងមន្ត្រី VAR ព្រមទាំងជំនួយការរបស់គាត់ជាសាធារណៈ។ ក្នុងសំឡេង មន្ត្រី VAR និយាយថា ការពិនិត្យលើគ្រាប់បាល់របស់ Diaz បានធ្វើយ៉ាងល្អឥតខ្ចោះ ប៉ុន្តែក្រោយមកបានអះអាងថាវាជាកំហុសរបស់ពួកគាត់។

ការប្រកួតជុំទី៣ នៃពានរង្វាន់ FA Cup ឆ្នាំ១៩៩៩ ត្រូវបានប្រកួតសាជាថ្មី បន្ទាប់ពីអ្នកចាត់ការ Arsenal លោក Arsene Wenger យល់ព្រមឱ្យមានការប្រកួតជាមួយ Sheffield United ឡើងវិញ ក្រោយគ្រាប់បាល់ជ័យជម្នះដ៏ចម្រូងចម្រាសនៅក្នុងការប្រកួតជើងទីមួយ។

មន្ត្រីដែលពាក់ព័ន្ធក្នុងការប្រកួតនៅកីឡដ្ឋាន Tottenham Hotspur មិនត្រូវបានជ្រើសរើសសម្រាប់ការប្រកួតក្របខណ្ឌ Premier League នាចុងសប្តាហ៍នេះទេ។

អាជ្ញាកណ្តាលនៅទីលានរវាង Spurs និង Liverpool លោក Simon Hooper នឹងក្លាយជាមន្ត្រី VAR ក្នុងការប្រកួតរវាង Everton និង Bournemouth នៅថ្ងៃសៅរ៍ ខណៈលោក Michael Oliver ដែលជាមន្ត្រីទី៤ នឹងមានវត្តមាននៅក្នុងការប្រកួតចំនួន ២ នៅចុងសប្តាហ៍នេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង