លោក Frank Lampard បានជួបពិភាក្សាជាមួយក្លិប Rangers ជុំវិញការវិលត្រឡប់មកកាន់ការគ្រប់គ្រងសាជាថ្មី ក្រោយរ៉ាប់រងតួនាទីជាអ្នកចាត់ការចាំផ្ទះរបស់ Chelsea ដែលបានបញ្ចប់កាលពីខែឧសភាកន្លងទៅ។
Rangers ត្រូវបានរាយការណ៍ថា បានចាប់អារម្មណ៍ក្នុងការតែងតាំង Lampard ជាអ្នកចាត់ការថ្មីរបស់ពួកគេ ក្នុងចំណោមបេក្ខភាពដែលមានសក្តានុពលក្នុងការជំនួសតំណែងរបស់លោក Michael Beale ដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីដើមខែនេះ។
លោក Beale បានបាត់បង់តំណែង ក្រោយដឹកនាំចាញ់ Aberdeen ក្នុងលទ្ធផល ៣-១ ក្នុងការប្រកួតពានរង្វាន់ក្របខណ្ឌលីគកំពូលស្កុតឡែន។ Rangers បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់លេខ៣ក្នុងលីគតាមពីក្រោយគូប្រជែង Celtic និង St. Mirren។
សារព័ត៌មាន Daily Record បានរាយការណ៍ថា Lampard បានជួបជាមួយមន្ត្រីក្លិបដើម្បីពិភាក្សាអំពីការទទួលយកការងារ Rangers កាលពីយប់ថ្ងៃពុធនាទីក្រុងឡុងដ៍។
Lampard មិនមែនជាបេក្ខភាពតែម្នាក់នោះទេ ដោយរបាយការណ៍បានបន្ថែមថា លោក Kevin Muscat ក៏បានឈានដល់វគ្គសម្ភាសចុងក្រោយផងដែរ។ គាត់បានចំណាយពេលមួយរដូវកាលនៅ Rangers ជាកីឡាករ ហើយបច្ចុប្បន្នកំពុងដឹកនាំក្លិបជប៉ុន Yokohama F. Marinos ៕