គ្រូបង្វឹក លោក Wayne Rooney បានឈានដល់ការព្រមព្រៀងចែកផ្លូវគ្នាជាមួយក្លិប DC United។ នេះបើតាមការប្រកាសពីក្លិបនៅក្របខណ្ឌ Major League Soccer។
អតីតខ្សែប្រយុទ្ធអង់គ្លេស និងក្លិប Manchester United បានលេងជាកីឡាករឱ្យ DC United នៅ ចន្លោះឆ្នាំ ២០១៨-១៩ មុនពេលវិវឌ្ឈខ្លួនក្លាយជាគ្រូបង្វឹកចូលដឹកនាំក្លិបដែលមានមូលដ្ឋាននាទីក្រុង Washington កាលពីខែកក្កដា ឆ្នាំ ២០២២។
DC United បានខកខានការប្រកួតជម្រុះ MLS Cup ជាលើកទី៤ ជាប់ៗគ្នា បើទោះបីជាបានឈ្នះដោយលទ្ធផល ២-០ នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃរដូវកាលរបស់ពួកគេទៅលើក្រុម New York City FC ដោយពួកគេបញ្ចប់ជាមួយពិន្ទុ៤០ ពិន្ទុ។
អតីតគ្រូបង្វឹកនៃក្លិបលីគលំដាប់ទី ៣ អង់គ្លេស Derby County បាននិយាយថា រូបលោកបានធ្វើអ្វីគ្រប់យ៉ាងដើម្បីឱ្យ DC United ចូលលេងក្នុងវគ្គ Playoff ដោយបន្ថែមថា វាជាពេលវេលាត្រឹមត្រូវ ដើម្បីបន្តទៅមុខទៀត។
នាយកប្រតិបត្តិ និងជាសហប្រធានរបស់ DC United លោក Jason Levien បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “យើងបាននិយាយជាមួយ Wayne ហើយបានយល់ព្រមថា វាជាការល្អបំផុតសម្រាប់ពួកយើងក្នុងការចែកផ្លូវនៅពេលនេះ។ យើងមានអំណរគុណចំពោះ Wayne Rooney សម្រាប់អ្វីទាំងអស់ដែលគាត់បានធ្វើសម្រាប់ក្លិបរបស់យើង និងសម្រាប់បាល់ទាត់នៅក្នុង Nation’s Capital ជាលើកដំបូងក្នុងនាមជាកីឡាករ និងជាប្រធានក្រុមរបស់ DC United ហើយថ្មីៗនេះជាគ្រូបង្វឹករបស់យើង។”
ដោយឡែក ក្រោយការចាកចេញពី DC United ហើយ លោក Wayne Rooney ក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងការផ្លាស់ទៅដឹកនាំ ក្លិបលីគទី២អង់គ្លេស Birmingham City ដែលទើបតែបញ្ចប់តំណែងគ្រូបង្វឹកលោក John Eustace បន្ទាប់ពីរូបលោកដឹកនាំបាន១៥ខែរួចមក៕