×

Eden Hazard ប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់នៅអាយុ៣២ឆ្នាំ

កីឡាករ Eden Hazard អតីតខ្សែបម្រើស្លាបរបស់ Chelsea បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ បន្ទាប់ពីចាកចេញពីក្លិប Real Madrid កាលពីចុងរដូវកាលមុន។

Hazard វ័យ ៣២ ឆ្នាំបានចូលរួមជាមួយ Real ពី Chelsea ក្នុងឆ្នាំ២០១៩ ក្នុងតម្លៃ ៨៩ លានផោន ប៉ុន្តែលេងបានត្រឹមតែ ៥៤ ប្រកួតប៉ុណ្ណោះសម្រាប់ក្លិបយក្សអេស្ប៉ាញ។ រូបគេបានឈ្នះពានរង្វាន់ Premier League ចំនួនពីរដងក្នុងអំឡុងពេលនៅកីឡដ្ឋាន Stamford Bridge ។

កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះ បានចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិកាលពីខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីក្រុមបានត្រូវបានធ្លាក់ចេញពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ ត្រឹមវគ្គសន្សំពិន្ទុ។

Hazard បានឈ្នះ Champions League ១ដង, Club World Cup ១ដង, European Super Cup១ដង , La Liga ២ដង, Copa del Rey ១ដង និង Spanish Super Cup ២ដង នៅក្លិប Real Madrid។ ប៉ុន្តែរូបគេបានស៊ុតបញ្ចូលទីបានត្រឹមតែ ៧ គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ៧៦ ដងនៅក្នុងកម្មវិធីប្រកួតទាំងអស់។

Hazard បានចាប់ផ្តើមអាជីពរបស់ខ្លួនជាមួយក្លិបបារាំង Lille ដោយស៊ុតបញ្ចូលទីបាន ៥០ គ្រាប់ក្នុងការបង្ហាញខ្លួន ១៤៩ ដង និងបានជួយក្លិបឱ្យឈ្នះពានរង្វាន់នៃក្របខណ្ឌ Ligue 1 និង Coupe de France ក្នុងឆ្នាំតែមួយ នារដូវកាល២០១០-១១។

រូបគេបានផ្លាស់ទៅ Chelsea នៅរដូវក្តៅឆ្នាំ២០១២ ដោយបានចុះហត្ថលេខាក្នុងតម្លៃ ៣២ លានផោន ហើយបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ PFA នារដូវកាល ២០១៤-១៥។ Hazard ស៊ុតបញ្ចូលទីបាន ១១០ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៥២លើកសម្រាប់ក្រុមតោខៀវ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង