×

Harry Maguire អរគុណ David Beckham សម្រាប់ការផ្ដល់ដំបូន្មានល្អ

Harry Maguire បាននិយាយថា David Beckham បានផ្ដល់ដំបូន្មានដល់រូបគេ បន្ទាប់ពីត្រូវបានអ្នកគាំទ្រស្កុតឡែនសើចចំអក។

ខ្សែការពារកណ្តាលរបស់អង់គ្លេសរូបនេះ បានបង្កកំហុសឱ្យបាល់ចូលទីខ្លួនឯងក្រោយប្ដូរចូល ក្នុងជ័យជម្នះក្នុងការប្រកួតមិត្តភាព ៣-១ កាលពីខែមុន ក្នុងទីក្រុង Glasgow ដែលធ្វើឱ្យអ្នកគាំទ្រស្កុតឡែន សើចចំអកដល់រូបគេ។

ក្រោយចប់ការប្រកួត Beckham បានទូរសព្ទទៅកាន់ Maguire ដើម្បីលោងលោមកុំឱ្យបាក់ទឹកចិត្ត ខណៈគាត់ក៏ធ្លាប់ជួបនូវបទពិសោធស្រដៀងគ្នា កាលជាកីឡាករ។

Maguire អាយុ ៣០ឆ្នាំ បានបង្ហើបបែបនេះថា៖ “ខ្ញុំពិតជាបាននិយាយជាមួយ David ប្រហែល៣សប្តាហ៍មុន បន្ទាប់ពីការប្រកួត។
គាត់បានទាក់ទងមកខ្ញុំ ដូច្នេះវាពិតជាល្អណាស់ ហើយខ្ញុំពិតជាកោតសរសើរចំពោះទង្វើនេះ។
វាមានន័យគ្រប់យ៉ាង។ ខ្ញុំបាននិយាយពីអាជីពរបស់ខ្ញុំ និង David Beckham ជាមនុស្សម្នាក់ដែលខ្ញុំស្រឡាញ់ និងតាមដានកាលខ្ញុំនៅក្មេង។”

Beckham ដែលបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអង់គ្លេសចំនួន ១១៥ដង បានបំពេញតួនាទីជាប្រធានក្រុមរយៈពេល ៦ឆ្នាំចាប់ពីឆ្នាំ២០០០ ដោយបានលេងឱ្យក្រុមតោកំណាចអង់គ្លេស នៅក្នុងព្រឹត្តិការណ៍ World Cup ចំនួន២ដង។

គាត់ត្រូវបានបណ្តេញចេញពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ១៩៩៨ បន្ទាប់ពីបានទាត់លើកីឡាករអាហ្សង់ទីន Diego Simeone ។ ក្រុមនេះបានបន្តចាញ់ការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយដោយបាល់ប៉េណាល់ទី ហើយ Beckham បានក្លាយជាគោលដៅសម្រាប់ការរិះគន់ពីអ្នកគាំទ្រដែលបានស្តីបន្ទោសគាត់ចំពោះការធ្លាក់ចេញរបស់អង់គ្លេស។

Maguire ដែលជាខ្សែការពារថ្លៃបំផុតរបស់ពិភពលោកនៅពេលដែលរូបគេបានចូលរួមជាមួយ Manchester United ពី Leicester ក្នុងតម្លៃ ៨០ លានផោនក្នុងឆ្នាំ២០១៩ បានលេងឱ្យក្រុមជម្រើសជាតិអង់គ្លេស ៥៩ ដង និងស៊ុតបញ្ចូលទីបាន ៧ គ្រាប់។

ប៉ុន្តែរូបគេបានបាត់បង់តំណែងជាប្រធានក្រុមនៅកីឡដ្ឋាន Old Trafford និងឈ្មោះនៅក្នុងជម្រើស១១នាក់ដំបូងរបស់ក្រុមរបស់អ្នកចាត់ការ Erik ten Hag ។

Maguire កៀកនឹងចូលរួមជាមួយ West Ham នៅដើមរដូវកាលនេះ ក្នុងតម្លៃ ៣០ លានផោន ប៉ុន្តែរូបគេបានជ្រើសរើសស្នាក់នៅ ដើម្បីដណ្ដើមកន្លែងរបស់ខ្លួនត្រឡប់មកវិញ។ ជាការពិត ខ្សែការពាររូបនេះ បានលេងជាជម្រើស១១នាក់ដំបូង ដោយសារបញ្ហារបួសខ្សែការពារជាច្រើនរបស់ United ។ រូបគេបានរួមចំណែកយ៉ាងសំខាន់នៅក្នុងគ្រាប់បាល់ជ័យជម្នះរបស់ Scott McTominay តាមការតែតបញ្ជូន នៅពេលដែល Man Utd យកឈ្នះ Brentford ២-១ ក្នុងក្របខណ្ឌ Premier League ។

ខ្សែការពាររូបនេះ នៅតែជាកីឡាករសំខាន់សម្រាប់ក្រុមជម្រើសជាតិអង់គ្លេសរបស់គ្រូបង្វឹក Gareth Southgate ទោះបីជាមានការរិះគន់កន្លងមក។

អង់គ្លេស នឹងត្រូវប៉ះអូស្ត្រាលីក្នុងការប្រកួតមិត្តភាពនៅថ្ងៃសុក្រ មុននឹងប៉ះអ៊ីតាលីក្នុងវគ្គជម្រុះ EURO 2024 នៅ៤ថ្ងៃបន្ទាប់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង