សារព័ត៌មាន Gazzetta dello Sport បានរាយការណ៍ថា ក្រុម Manchester City ចង់ផ្តល់ឱ្យ Erling Haaland នូវកិច្ចសន្យាថ្មីដែលលុបបំបាត់លក្ខខណ្ឌទិញផ្តាច់កុងត្រា និងកាត់បន្ថយឱកាសដែល Real Madrid ឬ Barcelona អាចទាក់ទាញរូបគេឱ្យចាកចេញ។
ប្រភព ESPN បានបង្ហាញកាលពីថ្ងៃសុក្រថា Man City កំពុងសម្លឹងមើលការបន្តកិច្ចព្រមព្រៀងរបស់ Haaland រួចហើយ ហើយសង្ឃឹមថានឹងឈានដល់កិច្ចព្រមព្រៀងមួយក្នុងរយៈពេលពីរបីខែខាងមុខនេះ។
កីឡាករវ័យ ២៣ឆ្នាំរូបនេះ ជាប់កិច្ចសន្យាដល់ឆ្នាំ២០២៧ ប៉ុន្តែមានលក្ខខណ្ឌទិញផ្ដាច់ ២០០ លានអឺរ៉ូនៅពេលផ្ទេរមកពីក្លិប Borussia Dortmund ភ្លាមៗ។ ទោះជាយ៉ាងណា Man City បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ជូនកីឡាករអន្តរជាតិន័រវែសនូវការដំឡើងប្រាក់ឈ្នួលរបស់គេ និងបន្ថែម១ឆ្នាំលើកិច្ចសន្យាកំពុងមាន ហើយនឹងដកចេញនូវលក្ខខណ្ឌទិញផ្ដាច់ដែលមានក្នុងកុងត្រាចាស់។
ចាប់តាំងពីការចាកចេញរបស់ Karim Benzema ទៅកាន់ Al Ittihad ក្រុម Real Madrid បាននិងកំពុងសម្លឹងរកការនាំយកខ្សែប្រយុទ្ធឆ្នើមម្នាក់។ ប្រសិនបើពួកគេមិនអាចចុះហត្ថលេខាលើ Kylian Mbappé ពី Paris Saint-Germain លើការផ្ទេរដោយគ្មានតម្លៃខ្លួននៅឆ្នាំក្រោយទេនោះ ប្រធានក្លិប Real Madrid លោក Florentino Perez ត្រូវបានគេរំពឹងថានឹងព្យាយាមចុះហត្ថលេខាជាមួយ Haaland ៕