លោក Michael Emenalo នាយកនៃក្របខណ្ឌ Saudi Pro League គឺជាអ្នកពេញចិត្តលើ Mohamed Salah ជាខ្លាំង ចំពេលមានពាក្យចចាមអារ៉ាមថា តារា Liverpool អាចផ្លាស់ប្តូរទៅកាន់មជ្ឈិមបូព៌ា។
Salah ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្រុម Al Ittihad របស់ Saudi Pro League ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករកន្លងទៅ ប៉ុន្តែ Liverpool បានច្រានចោលសំណើ ១៥០ លានផោននៅចុងខែសីហា។
កីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះ ត្រូវបានចាត់ទុកថាជាគោលដៅដ៏ធំបំផុតមួយរបស់លីគអារ៉ាប៊ីសាអ៊ូឌីត នៅរដូវកាល២០២៣-២៤។
លោក Michael Emenalo បានទទួលស្គាល់ថា Salah គឺជាកីឡាករបាល់ទាត់ដែលគាត់ចូលចិត្តបំផុតនៅលើពិភពលោក ហើយនឹងស្វាគមន៍គ្រប់ពេលវេលាទៅកាន់ Saudi Pro League ។
គាត់បាននិយាយថា៖ “Mo [Salah] ត្រូវបានស្វាគមន៍គ្រប់ពេលវេលា។ ប៉ុន្តែគ្មាននរណាម្នាក់ស្ថិតនៅក្រោមសម្ពាធ ឬការបង្ខំឱ្យមកនោះទេ។
គាត់ជាចំណូលចិត្តផ្ទាល់ខ្លួនរបស់ខ្ញុំ។ ប្រសិនបើគាត់ចង់មក ហើយមានឱកាសធ្វើការជាមួយក្លិបក្នុងលក្ខណៈអាជីព យើងនឹងសប្បាយចិត្តណាស់ដែលមានគាត់”។
Salah មានទម្រង់លេងដ៏អស្ចារ្យនៅដើមរដូវកាល ២០២៣-២៤ ដោយបានចូលរួមចំណែកគ្រាប់បាល់ ១០ គ្រាប់នៅគ្រប់កម្មវិធីប្រកួតទាំងអស់ រហូតមកដល់ពេលនេះ៕