មហាសេដ្ឋី Sir Jim Ratcliffe នឹងចំណាយប្រាក់ ១,៣ ពាន់លានផោនសម្រាប់ការទិញភាគហ៊ុន ២៥ ភាគរយរបស់ក្លិប Manchester United បន្ទាប់ពីអ្នកជំនួញកាតា Sheikh Jassim bin Hamad al Thani បានដកខ្លួនចេញពីដំណើរការនៃការដេញថ្លៃ នាពេលថ្មីៗនេះ។
លោក Sheikh Jassim មានបំណងទិញក្លិបមកគ្រប់គ្រងទាំងស្រុង ដោយផ្ដល់ជូនចំនួន ៥ពាន់លានផោន ប៉ុន្តែសំណើរបស់អ្នកជំនួញមកពីប្រទេសកាតា មិនគ្រប់គ្រាន់សម្រាប់គ្រួសារ Glazers ដែលបានកាន់កាប់ Man Utd តាំងពីឆ្នាំ២០០៥នោះទេ ដូច្នេះ Sheikh Jassim បានសម្រេចចិត្តមិនបន្តដេញថ្លៃទៀតឡើយ។
សំណើទិញភាគហ៊ុន ២៥ភាគរយរបស់លោក Ratcliffe ដែលជាអ្នកគាំទ្រក្លិបនេះតាំងពីក្មេង នឹងត្រូវពិភាក្សានៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ក្រុមបិសាចក្រហម នៅសប្តាហ៍នេះ។
លោក Ratcliffe និងក្រុមហ៊ុនរបស់គាត់គឺ INEOS ត្រូវបានគេរំពឹងថានឹងគ្រប់គ្រងលើដំណើរការនៃប្រតិបត្តិការបាល់ទាត់របស់ Manchester United ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងទិញ ២៥ភាគរយ ដែលអាចជាជំហានដំបូងក្នុងការឈានទៅកាន់កាប់ទាំងស្រុង។
ដំបូងឡើយ មហាសេដ្ឋីគីមីឥន្ធនៈរូបនេះ ចង់ទិញភាគហ៊ុនទាំងអស់ ៦៧ភាគរយរបស់ Glazers ប៉ុន្តែគ្រួសារ Glazers មិនយល់ព្រមឡើយ។ ពួកគេបានកាន់កាប់ក្រុមនៅកីឡដ្ឋាន Old Trafford តាំងពីឆ្នាំ២០០៥ បន្ទាប់ពីទិញក្នុងតម្លៃក្រោម ៨០០លានផោន។ ទោះជាយ៉ាងណា ក្នុងរយៈពេល ៦ឆ្នាំចុងក្រោយ Man Utd បានឈ្នះពានរង្វាន់តែមួយប៉ុណ្ណោះ ដែលធ្វើឱ្យអ្នកគាំទ្របានប្រឆាំងនឹងការកាន់កាប់របស់គ្រួសារ Glazers នេះ៕