
មហាសេដ្ឋីកាតា Sheikh Jassim Bin Hamad Al Thani សម្រេចចិត្តដកខ្លួនចេញពីដំណើរការដេញថ្លៃទិញក្លិប Manchester United ។
គ្រួសារ Glazer ដែលបានកាន់កាប់ក្លិប Man UTD ក្នុងឆ្នាំ ២០០៥ បានបង្ហាញពីចេតនាចង់លក់ក្លិប នេះវិញ កាលពីខែវិច្ឆិកា ឆ្នាំ ២០២២។ ក្រោយការប្រកាសរបស់គ្រួសារមហាសេដ្ឋីអាមេរិក មានអ្នកជំនួញល្បីៗជាច្រើនបង្ហាញការចាប់អារម្មណ៍ចង់បាន។
បំណងចង់លក់ក្លិប របស់គ្រួសារ Glazer កើតឡើងបន្ទាប់ពីក្រុមបានធ្លាក់ទម្រង់លេងខ្លាំង ជាពិសេសមិនដែលទទួលបានពានធំៗណាមួយឡើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោក Sheikh Jassim តាមរយៈធានាគាដ៏ធំរបស់កាតា ធ្លាប់បានដេញថ្លៃ ៦,៦ពាន់លានដុល្លារដើម្បីទិញយកភាគហ៊ុនធំពីគ្រួសារ Glazer ប៉ុន្តែត្រូវបានបរាជ័យ។ ការជួបពិភាក្សាមិនឈានដល់ការព្រមព្រៀង ចុងក្រោយ មហាសេដ្ឋីកាតា មិនផ្តល់សំណើថ្មីទៀតឡើយ ដោយសម្រេចបញ្ចប់ការដេញថ្លៃរបស់ខ្លួនតែម្តង។
ការបញ្ចប់ការដេញថ្លៃរបស់លោក Sheikh Jassim បានធ្វើឱ្យក្រុមហ៊ុន Ineos Group របស់អ្នកជំនួញអង់គ្លេសលោក Jim Ratcliffe ដែលចង់បានភាគហ៊ុន២៥ភាគរយរបស់ Man UTD ក្លាយជាអ្នកដេញថ្លៃសំខាន់ចុងក្រោយ។ មហាសេដ្ឋីអង់គ្លេសរូបនេះ ត្រូវបានគេសង្ឃឹមថានឹងជោគជ័យក្នុងការទិញយកភាគហ៊ុនមួយចំណែក ស្របពេលលោក Ratcliffe បង្ហាញបំណងទិញយកភាគហ៊ុន២៥ភាគរយនេះ ដើម្បីចូលរួមដោយស្រាយស្ថានភាពអាក្រក់របស់ក្រុមបិសាចក្រហម។
Man UTD ស្ថិតនៅចំណាត់ថ្នាក់លេខ១០ក្នុងតារាងពិន្ទុក្របខណ្ឌ Premier League ដោយ៨ប្រកួត ចាញ់ ៤ និងឈ្នះ៤ មាន១២ពិន្ទុ។ នៅឯ UEFA Champions League វិញ ពួកគេបរាជ័យទាំងពីរប្រកួតដំបូងតែម្តង នៅវគ្គសន្សំពិន្ទុ៕