ខ្សែបម្រើ Sandro Tonali របស់ក្លិប Newcastle United កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹងការលេងល្បែងភ្នាល់ខុសច្បាប់។ នេះបើតាមការប្រកាសពីក្លិបនៅក្របខណ្ឌ Premier League ។
កីឡាករអ៊ីតាលីវ័យ២៣ឆ្នាំ បានក្លាយជាសមាជិករបស់ Newcastle United ដោយផ្ទេរចេញពី AC Milan កាលពីខែកក្កដា តម្លៃខ្លួន ៧០ លានអឺរ៉ូដែលជាតម្លៃផ្ទេរកំណត់ត្រាសម្រាប់ការនាំយកកីឡាករពីអ៊ីតាលីមកចូលរួមជាមួយ។
ជុំវិញរឿងនេះ អាជ្ញាធរផ្នែកច្បាប់ និងកីឡាកំពុងស៊ើបអង្កេតទៅលើប្រព័ន្ធដែលប្រើប្រាស់វេទិកាល្បែងភ្នាល់ខុសច្បាប់ដោយកីឡាករបាល់ទាត់អាជីពនៅក្នុងប្រទេសអ៊ីតាលី។
ក្លិប Newcastle United បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “ក្លិបអាចបញ្ជាក់ថា Sandro Tonali ស្ថិតក្រោមការស៊ើបអង្កេតដោយការិយាល័យរដ្ឋអាជ្ញាអ៊ីតាលី និងសហព័ន្ធបាល់ទាត់អ៊ីតាលី FIGC ទាក់ទងនឹងសកម្មភាពភ្នាល់ខុសច្បាប់។ Sandro កំពុងចូលរួមយ៉ាងពេញលេញជាមួយនឹងការស៊ើបអង្កេត ហើយនឹងបន្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធទាំងអស់។ រូបគេ និងក្រុមគ្រួសារ នឹងបន្តទទួលបានការគាំទ្រពេញលេញពីក្លិបផងដែរ។”
កន្លងទៅថ្មីៗនេះ ខ្សែបម្រើ Nicolo Fagioli របស់ក្លិប Juventus ដែលនៅក្របខណ្ឌ Serie A បានទទួលបម្រាមរយៈពេលប្រាំពីរខែជាផ្នែកនៃដំណោះស្រាយជាមួយ FIGC បន្ទាប់ពីរូបគេត្រូវបានរកឃើញថា បានបំពានច្បាប់លើការភ្នាល់លើការប្រកួត។ Fagioli កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតដោយព្រះរាជអាជ្ញានៅទីក្រុង Turin ពីបទភ្នាល់នៅលើគេហទំព័រខុសច្បាប់។
ខណៈដែលការស៊ើបអង្កេតលើ Tonali កំពុងបន្តក្លិប Newcastle បាននិយាយថា ពួកគេមិនអាចផ្តល់ការអត្ថាធិប្បាយបន្ថែម ទាក់ទងចំពោះកីឡាកររបស់ពួកគេបានទេនៅពេលនេះ៕