×

Sandro Tonali មានឈ្មោះសម្រាប់ការប្រកួតរវាង Newcastle ទោះស្ថិតក្រោមការស៊ើបអង្កេត

Sandro Tonali នឹងមានឈ្មោះសម្រាប់ការប្រកួតនៅក្របខណ្ឌ Premier League របស់ Newcastle United ទល់នឹង Crystal Palace ដែលអាចជ្រើសរើសបានសម្រាប់អ្នកចាត់ការ Eddie Howe ទោះបីជាត្រូវបានស៊ើបអង្កេតនៅក្នុងប្រទេសអ៊ីតាលី សម្រាប់ការភ្នាល់ល្បែងខុសច្បាប់ក៏ដោយ។ នេះបើយោងតាម ESPN ។

ខ្សែបម្រើវ័យ ២៣ឆ្នាំដែលចុះហត្ថលេខាតម្លៃ ៥៥លានផោនពីក្លិប AC Milan ត្រូវបានដកចេញពីក្រុមជម្រើសជាតិអ៊ីតាលី កាលពីសប្ដាហ៍មុន សម្រាប់ការប្រកួតវគ្គជម្រុះ Euro 2024 ជាមួយក្រុមម៉ាល់តា និងអង់គ្លេស។ ខ្សែបម្រើ Nicolo Zaniolo របស់ Aston Villa ដែលខ្ចីជើងនៅរដូវកាលនេះនៅ Galatasaray ក៏ត្រូវបានដកចេញពីក្រុមផងដែរ។

ភ្នាក់ងាររបស់ Tonali លោក Giuseppe Riso បានបញ្ជាក់ថាសាមីកីឡាករមានការតក់ស្លុត រង្គោះរង្គើ និងសោកសៅ ក្នុងស្ថានភាពដ៏លំបាកនេះ។ ប៉ុន្តែក្លិប Newcastle នៅតែរង់ចាំទទួលព័ត៌មានលម្អិតនៃការស៊ើបអង្កេតលើ Tonali ។

ខ្សែបម្រើ Nicolo Fagioli របស់ក្លិប Juventus ត្រូវបានគេដាក់បម្រាមរយៈពេល ១២ខែ ដោយត្រូវព្យួររយៈពេល ៥ ខែ និងពិន័យជាប្រាក់ចំនួន ១០.៨៥០ ផោនសម្រាប់ការបំពានច្បាប់ល្បែងភ្នាល់។ Fagiolo អាយុ ២២ឆ្នាំក៏នឹងទទួលការព្យាបាលសម្រាប់ការញៀនល្បែងផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង