×

Man City ថ្កោលទោសទង្វើរបស់អ្នកគាំទ្រដែលប្រមាថ Sir Bobby Charlton

Manchester City បានឱ្យដឹងថា ពួកគេនឹងចាត់វិធានការ បន្ទាប់ពីបុគ្គលមួយចំនួនតូច ត្រូវបានស្រែកច្រៀងប្រមាថបន្ទាប់ពីការទទួលមរណភាពរបស់លោក Sir Bobby Charlton ។

វីរបុរសរបស់ Manchester United និងអង់គ្លេស បានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ក្នុងអាយុ ៨៦ឆ្នាំ។ Man City បានថ្កោលទោសការស្រែកច្រៀង នៅក្នុងកីឡដ្ឋាន Etihad អំឡុងពេលការប្រកួតរបស់ពួកគេជាមួយនឹង Brighton ។

ក្រុមមេឃខៀវបាននិយាយថា ពួកគេបានខកចិត្តយ៉ាងខ្លាំងចំពោះទង្វើមួយនេះ។ ក្នុងសេចក្តីថ្លែងការណ៍មួយ បាននិយាយថា៖ “Manchester City FC មានការខកចិត្តយ៉ាងខ្លាំងដែលបានដឹងពីរបាយការណ៍នៃការប្រមាថមើលងាយពីបុគ្គលមួយចំនួនតូចទៅលើ Sir Bobby Charlton នៅក្នុងកន្លែងមួយចំនួននៃកីឡដ្ឋាន Etihad អំឡុងពេលពាក់កណ្តាលតង់នៃការប្រកួត Premier League កាលពីម្សិលមិញទល់នឹង Brighton និង Hove Albion ។

ក្លិបសូមថ្កោលទោសការប្រមាថទាំងនេះដោយមិនអត់ឱន ហើយសូមទោសចំពោះក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់ Sir Bobby និងអ្នកទាំងអស់គ្នានៅ Manchester United ។
ក្រុមសន្តិសុខរបស់យើងកំពុងសិក្សាពីរូបភាព CCTV នៅកន្លែងអ្នកគាំទ្រ។ យើងសូមអរគុណដល់អ្នកដែលបានមករាយការណ៍បញ្ហានេះ។
យើងបន្តអំពាវនាវឱ្យមានការសហការផ្ដល់ព័ត៌មានដែលអាចជួយយើងកំណត់អត្តសញ្ញាណបុគ្គលដែលពាក់ព័ន្ធ ដូច្នេះយើងអាចចាត់វិធានការសមស្របក្នុងការចេញដីកាហាមឃាត់”។

ការប្រកួត Premier League បន្ទាប់របស់ Man Utd នឹងត្រូវប៉ះ Man City នៅថ្ងៃអាទិត្យទី២៩ ខែតុលា ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ចាប់ពីម៉ោង ១០:៣០ នាទីយប់តទៅ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថាប័ន Premier League បាននិយាយថា ខ្លួនមានការរន្ធត់ចិត្ត ដែលបានឮអំពីរបាយការណ៍នេះ។ Premier League ថា៖ “យើងស្វាគមន៍ Manchester City ក្នុងការស្វែងរកព័ត៌មានអំពីអ្នកទទួលខុសត្រូវ ហើយនឹងគាំទ្ររាល់សកម្មភាពជាបន្តបន្ទាប់”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង