×

គ្រូ Man UTD ឧទ្ទិសជ័យជម្នះលើ Sheffield United ចំពោះម រណភាពរបស់លោក Bobby Charlton

គ្រូបង្វឹក Manchester United លោក Erik ten Hag បាននិយាយថា លោកបានឧទ្ទិសជ័យជម្នះលើក្រុម Sheffield United ក្នុងលទ្ធផល ២-១ នៃការប្រកួតក្របខណ្ឌ Premier League ទៅកាន់លោក Bobby Charlton ដែលទទួលមរណភាពនៅថ្ងៃទី២១ ខែតុលា។

លោក Bobby Charlton វិរបុរសរបស់ក្រុមជម្រើសជាតិអង់គ្លេស និងក្លិប Man UTD ត្រូវបានប្រកាសថា បានទទួលមរណភាពក្នុងជន្មាយុ ៨៦ឆ្នាំ ដោយក្លិបបិសាចក្រហម នៅរយៈពេល ៤ម៉ោងមុនពេលចាប់ផ្តើមការប្រកួតបាល់ទាត់លីគកំពូលអង់គ្លេសសប្តាហ៍ទី៩ នៅកីឡដ្ឋាន Bramall Lane របស់ Sheffield United។

ដូច្នេះហើយលោក Ten Hag រួមទាំងកូនក្រុមបានប្តេជ្ញាចិត្ត ដើម្បីដណ្តើមយក៣ពិន្ទុពី Sheffield United ដើម្បីវីរបុរសបិសាចក្រហម និងក្រុមជម្រើសជាតិអង់គ្លេស លោក Bobby Charlton។

ក្នុងការប្រកួតនោះ Scott McTominay ជាអ្នករកគ្រាប់បាល់អោយក្រុមបិសាចក្រហមនាំមុខមុននៅនាទី៣៤ មុនពេល Oliver McBurnie ទាត់បាល់ពិន័យប៉េណាល់ទីតាមស្មើឱ្យក្រុមម្ចាស់ផ្ទះ Sheffield United នៅក្នុងវគ្គទី១។

នៅវគ្គទី២ ក្រុម Sheffield មិនអាចរកគ្រាប់បាល់បានទៀតនោះទេ ខណៈ Man UTD វិញ Diogo Dalot ជាអ្នកសម្រេចទីគ្រាប់បាល់ជ័យជម្នះ ២-១ នៅនាទី៧៧ មុនចប់ការប្រកួត។

ដោយបាននិយាយពីការតាំងចិត្តមុនពេលការប្រកួត ទីបំផុតគ្រូបង្វឹកជនជាតិហូឡង់ រួមទាំងកូនក្រុមពិតជារកបានជ័យជម្នះ ដើម្បីឧទ្ទិសដល់ការស្លាប់របស់លោក Charlton ពិតមែន។

លោក Erik ten Hag បាននិយាយថា៖ “ដំណឹងមរណភាពរបស់លោក Bobby Charlton បានវាយប្រហារផ្លូវអារម្មណ៍របស់ក្រុមយ៉ាងខ្លាំង។ ដើម្បីជាការគោរពចុងក្រោយសម្រាប់លោក Bobby Charlton ពួកយើងចង់បង្កើតនូវស្នាដៃ ដើម្បីជាការចងចាំ។ យើងបានទទួលជ័យជម្នះ ដើម្បីឧទ្ទិសដល់លោក ហើយខ្ញុំគិតថា យើងធ្វើវាបានក្នុងវិធីដ៏ត្រឹមត្រូវ។”

សម្រាប់ជ័យជម្នះរបស់ក្រុមបិសាចក្រហម នៅជំនួបលីគសប្តាហ៍ទី៩នេះ បានជួយពួកគេឡើងពីចំណាត់ថ្នាក់លេខ១០ ទៅលេខ៨ក្នុងតារាងពិន្ទុបណ្តោះអាសន្នវិញ ដោយរកបាន១៥ពិន្ទុ ខណៈក្រុម Sheffield នៅបាតតារាងលេខ២០ មាន១ពិន្ទុ ប៉ុណ្ណោះ។

ការប្រកួត Premier League បន្ទាប់របស់ Man Utd នឹងត្រូវប៉ះ Man City នៅថ្ងៃអាទិត្យទី២៩ ខែតុលា ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ចាប់ពីម៉ោង ១០:៣០ នាទីយប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង