×

David Raya អាចបន្តជាអ្នកចាំទីដៃទីមួយរបស់ Arsenal យប់នេះ

អ្នកចាំទី David Raya ត្រូវបានគេរំពឹងថានឹងនៅតែជាដៃទីមួយ សម្រាប់ការប្រកួត Champions League របស់ Arsenal ទល់នឹង Sevilla នៅកីឡដ្ឋាន Ramon Sanchez Pizjuan យប់នេះ។

ក្រុមកាំភ្លើងធំ Arsenal បានចាញ់ Lens ក្នុងការប្រកួតក្នុងពូល B កាលពីប្រកួតមុនរបស់ពួកគេ។ Raya គឺជាអ្នកចាំទីជម្រើសដំបូងនៅរដូវកាលនេះ ដែលបានធ្វើឱ្យ Aaron Ramsdale អង្គុយនៅកៅអីបម្រុងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ទោះបីជាយ៉ាងណា ក៏អ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះ មានកំហុសចំពោះគ្រាប់បាល់របស់ Mykhailo Mudryk ក្នុងការប្រកួតដែល Arsenal បានស្មើជាមួយ Chelsea ដោយលទ្ធផល ២-២ ។

ជុំវិញទម្រង់របស់ Raya លោក Mikel Arteta អ្នកចាត់ការទូទៅរបស់ Arsenal បាននិយាយថា “នោះជាសម្ពាធនៃការលេងក្នុងក្លិបធំៗ ដែលអ្នកត្រូវតែឈ្នះ ហើយអ្នកត្រូវតែប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ហើយអ្នកមាននរណាម្នាក់នៅក្បែរអ្នក ដែលជំរុញអ្នកជារៀងរាល់ថ្ងៃ។”

Ramsdale បានអវត្តមានពីក្រុម Arsenal សម្រាប់ការប្រកួតជាមួយ Chelsea នៅចុងសប្តាហ៍ ដោយសារបញ្ហាផ្ទាល់ខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកចាំទីជម្រើសជាតិអង់គ្លេសបានធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញ ជាមួយមិត្តរួមក្រុម។

Arsenal មាន ៣ពិន្ទុ ពី២ប្រកួតក្នុងពូល B នៅក្របខណ្ឌ Champions League ខណៈ Sevilla នៅតែស្វែងរកជ័យជម្នះលើកដំបូងរបស់ខ្លួន បន្ទាប់ពីបានត្រឹមស្មើ២ប្រកួតកន្លងទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង