ក្លិប Man City បានប្រកាសថ្កោលទោសការស្រែកច្រៀងប្រមាថលើការទទួលម រណភាពររបស់លោក Bobby Charlton ដែលជាវីរបុរសបាល់ទាត់អង់គ្លេស និងក្លិប Man UTD ដែលត្រូវបានរាយការណ៍ថា កើតឡើងនៅក្នុងកីឡដ្ឋាន Etihad អំឡុងពេលម៉ោងសម្រាក ចប់វគ្គទី១ នៃការប្រកួតក្របខណ្ឌ Premier League ទល់នឹងក្រុមភ្ញៀវ Brighton កាលពីចុងសប្តាហ៍មុន។
ក្លិប Man City កំពុងប្រមូលព័ត៌មានបន្ថែម បន្ទាប់ពីអ្នកគាំទ្រមួយចំនួនតូច ត្រូវបានចោទប្រកាន់ថា បានស្រែកច្រៀងប្រមាថលោក Bobby Charlton ដែលបានទទួលមរណភាព នៅក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ។
សេចក្តីថ្លែងការណ៍មួយ ក្លិប Man City បានអះអាងថា ពួកគេមានការខកចិត្តយ៉ាងខ្លាំង ដែលបានដឹងអំពីរបាយការណ៍នៃការប្រមាថមើលងាយពីសំណាក់បុគ្គលមួយចំនួនតូចអំពី លោក Bobby Charlton នៅក្នុងបរិវេណនៃកីឡដ្ឋាន Etihad ។ ក្លិបថ្កោលទោសការស្រែកទាំងនេះ និងសុំទោស ចំពោះក្រុមគ្រួសារ និងមិត្តភក្តិរបស់ លោក Bobby និងគ្រប់គ្នានៅ Man UTD ។
សេចក្តីការណ៍របស់ក្លិបមេឃខៀវបានបន្តទៀតថា៖ “ក្រុមសន្តិសុខយើងកំពុងសិក្សាអំពីវីដេអូកាមេរ៉ាសុវត្ថិភាព CCTV ។ យើងសូមអរគុណអ្នកដែលបានមករាយការណ៍បញ្ហានេះ ហើយនឹងបន្តប្រមូលសម្រាប់ព័ត៌មានបន្ថែម ដែលអាចជួយយើងកំណត់អត្តសញ្ញាណបុគ្គលដែលពាក់ព័ន្ធ ក៏ដូចជាសកម្មភាពសមស្របក្នុងការចេញដីកាឃាត់ខ្លួន។”
សូមបញ្ជាក់ថា លោក Bobby Charlton ត្រូវបានគេចាត់ទុកថាជាកីឡាករដ៏អស្ចារ្យបំផុតមិនធ្លាប់មានរបស់ Man United ដោយស៊ុតបញ្ចូលទីបាន ២៤៩គ្រាប់ នៅក្នុងការបង្ហាញខ្លួនសរុប ៧៥៨ប្រកួតចន្លោះឆ្នាំ ១៩៥៦ ដល់ឆ្នាំ ១៩៧៣ ជាមួយនឹងការឈ្នះពានរង្វាន់ European Cup ដែលបច្ចុប្បន្នជា UEFA Champions League ជាមួយ Man United នៅក្នុងឆ្នាំ ១៩៦៨ ក៏ដូចជាពានរង្វាន់ក្របខណ្ឌកំពូលអង់គ្លេស ចំនួន៣ដងផងដែរ។
ម្ចាស់ជើងឯកពានរង្វាន់ World Cup ឆ្នាំ ១៩៦៦ រូបនេះ បង្ហាញខ្លួនសរុប ១០៦ប្រកួតសម្រាប់ក្រុមតោកំណាចអង់គ្លេស ដោយស៊ុតបញ្ចូលទីបាន៤៩គ្រាប់ ដែលជាកំណត់ត្រាស៊ុតបញ្ចូលទីច្រើនជាងគេ ដែលរូបលោកបានកាន់កាប់ចាប់តាំងពីឆ្នាំ ១៩៧០ ដល់ឆ្នាំ ២០១៥៕