ខ្សែប្រយុទ្ធ Rasmus Hojlund នឹងត្រូវប៉ះគ្នាជាមួយនឹងបងប្អូនភ្លោះរបស់គេខ្សែបម្រើ Oscar Hojlund នៅក្នុងការប្រកួតរវាងក្រុម Manchester United ទល់នឹងក្រុម Copenhagen នៅជុំទី៣ វគ្គសន្សំពិន្ទុ UEFA Champions League ពូល A ។
ក្រុមដែលមានលោក Erik ten Hag ដឹកនាំត្រូវការបរិយាកាសនៃជ័យជម្នះឡើងវិញ ក្រោយពីបានដឹកនាំក្រុមធ្វើមិនបានល្អរយៈពេលចុងក្រោយ ទាំងនៅ Premier Leaue និង UEFA Champions League។ យ៉ាងណា វត្តមាន Hojlund បានផ្តល់ក្តីសង្ឃឹមយ៉ាងច្រើនសម្រាប់ Man UTD នៅតំបន់ប្រយុទ្ធ បើទោះជារូបគេមិនទាន់អាចនាំជ័យជម្នះល្អគាប់ប្រសើរខ្លាំងក្តី តែគេក៏បានបង្ហាញពីទម្រង់លេងដ៏ពិសេសមួយសម្រាប់ក្រុមនៅក្នុងការប្រកួតទល់ក្រុម Bayern Munich និង Galatasaray។ Hojlund ក៏រកបានគ្រាប់បាល់ ៣គ្រាប់នៅ UEFA Champions League។
Rasmus Hojlund ផ្លាស់មកកាន់ Man UTD ក្នុងតម្លៃនៃការផ្ទេរ ៧៨ លានដុល្លារ ដោយផ្លាស់ពី Atalanta កាលពីខែសីហា ហើយក៏ទទួលស្គាល់ និងសាទរពីសំណាក់អ្នកគាំទ្រនៅទឹកដី Old Trafford យ៉ាងខ្លាំង។ Hojlund បានចាកចេញពីក្រុម Copenhagen ដោយផ្ទេរទៅក្លិប Sturm Graz ក្នុងតម្លៃ ២លានដុល្លារ កាលពីដើមឆ្នាំ ២០២២ មុនពេលផ្ទេរទៅ Atalanta ដើមរដូវកាល ២០២២-២៣។
កីឡាករវ័យ២០ឆ្នាំ តាមពិតជាមានបងប្អូនចំនួន ៣នាក់ ដោយ ២នាក់សុទ្ធសឹងតែកំពុងប្រកបអាជីពនៅក្នុងក្លិប Copenhagen។ Rasmus Hojlund ជាបងប្រុសធំ ហើយ Emil និង Oscar គឺជាបងប្អូនភ្លោះដែលមានវ័យ ១៨ឆ្នាំ ហើយដែលពួកគេក៏ចង់ដើរតាមជំហ៊ានរបស់បងប្រុសពួកគេនៅ Man UTD ។ Emil Hojlund ជាកីឡាករស្ថិតនៅក្នុងក្រុមអាយុក្រោម ១៩ឆ្នាំ របស់ក្រុម Copenhagen។
ខ្សែបម្រើ Oscar Hojlund ដែលជាប្អូនប្រុសរបស់ Rasmus Hojlund ត្រូវបានគេរំពឹងថានឹងមានឈ្មោះនៅក្នុងក្រុម Copenhagen សម្រាប់ការប្រកួតនៅទឹកដី Old Trafford។ Oscar Hojlund ធ្លាប់បានបង្ហាញខ្លួនលេងឱ្យក្រុម Copenhagen តទល់នឹងក្រុម Galatasaray របស់តួកគី។
សូមបញ្ជាក់ថា Man UTD នឹងត្រូវជួបប្រកួតជាមួយក្រុមន័រវែស Copenhagen ដែលនឹងធ្វើឡើងនាយប់នេះ នាកីឡដ្ឋាន Old Trafford ។ ការប្រកួតនេះផងដែរ Man UTD ត្រូវការជ័យជម្នះខ្លាំងបំផុតដើម្បីអាចរក្សាក្តីសង្ឃឹមឡើងទៅវគ្គបន្ត នៃពានរង្វាន់ UEFA Champions League នៅជំនួបលើកទី៣នេះ ក្រោយចាញ់ទាំង ២ប្រកួតដំបូង៕