Juventus ត្រូវការពង្រឹងតំបន់បម្រើរបស់ខ្លួននៅក្នុងទីផ្សារដោះដូរកីឡាករខែមករា ឆ្នាំ២០២៤ ហើយកីឡាករម្នាក់ដែលពួកគេកំពុងតាមដានយ៉ាងដិតដល់គឺ Kalvin Phillips របស់ Manchester City ។
តំបន់បម្រើរបស់ Juventus បានចុះខ្សោយយ៉ាងខ្លាំង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារបញ្ហាក្រៅទីលាន ដោយ Paul Pogba ប្រឈមនឹងហានិភ័យនៃការជាប់បម្រាមរយៈពេលយូរ បន្ទាប់ពីការធ្វើតេស្តសារធាតុញៀនធ្លាក់ ខណៈ Nicolo Fagioli ត្រូវបានព្យួរការងាររយៈពេល ៧ ខែនៅក្នុងក្របខណ្ឌ Serie A ដោយសាររឿងអាស្រូវពាក់ព័ន្ធនឹងល្បែងភ្នាល់។
របាយការណ៍នៅប្រទេសអ៊ីតាលីឱ្យដឹងថា ក្លិប Juventus កំពុងតាមដានយ៉ាងជិតស្និទ្ធលើ Phillips ដែលត្រូវបានគេរំពឹងថានឹងចាកចេញពី Manchester City នៅក្នុងទីផ្សារដោះដូរកីឡាករខាងមុខនេះ។ កិច្ចព្រមព្រៀងខ្ចីជើង គឺជាជម្រើសដែលអាចទៅរួច។
កីឡាករសញ្ជាតិអង់គ្លេសរូបនេះ មិនសូវទទួលបាននាទីលេងសម្រាប់ក្រុមរបស់អ្នកចាត់ការ Pep Guardiola ទេ ដោយលេងបានត្រឹមតែ ១៦៧ នាទីក្នុងរដូវកាលនេះ ហើយទំនងជានឹងចាកចេញក្នុងខែមករា ដើម្បីស្វែងរកនាទីលេងបន្ថែមទៀត នៅមុនការប្រកួតពានរង្វាន់ EURO 2024 ខាងមុខ។
Man City នឹងធ្វើដំណើរទៅប្រកួតទល់នឹង Manchester United នៅសប្ដាហ៍ទី១០ នៃក្របខណ្ឌ Premier League ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ នៅថ្ងៃអាទិត្យ ទី២៩ ខែតុលា ចាប់ពីម៉ោង ២២:៣០ នាទីតទៅ៕