ខ្សែការពារ Harry Maguire បាននិយាយថា ទម្រង់របស់ក្រុម Manchester United គឺមិនល្អនោះទេ ទោះបីជាពួកគេបានយកឈ្នះលើក្រុម Copenhagen កាលពីយប់មិញ ក្នុងការប្រកួតវគ្គសន្សំពិន្ទុ ក្របខណ្ឌ UEFA Champions League ក៏ដោយ។
Maguire គឺជាអ្នករកគ្រាប់បាល់ជ័យជម្នះសម្រាប់ Man Utd ហើយការសង្គ្រោះបាល់ប៉េណាល់ទីរបស់អ្នកចាំទី Andre Onana បានរក្សាលទ្ធផល ១-០ ដល់ចប់ការប្រកួត ដើម្បីទទួលបាន៣ពិន្ទុជាលើកដំបូងនៅវគ្គសន្សំពិន្ទុ Champions League របស់ពួកគេ។
Maguire បានប្រាប់ថា៖ “វាមានន័យ។ ពួកយើងសក្តិសមនឹងឈ្នះ ការសង្គ្រោះដ៏អស្ចារ្យ ដោយជ័យជម្នះនេះ សូមឧទ្ទិសដល់ Sir Bobby និងក្រុមគ្រួសាររបស់គាត់។
វាជាសប្តាហ៍ដ៏លំបាកមួយសម្រាប់ពួកយើងនៅក្រៅដីនៅ Sheffield United ហើយការបាត់បង់ Sir Bobby វាប៉ះពាល់ដល់ក្លិប និងកីឡាករ។ ប៉ុន្តែខ្ញុំពិតជារីករាយដែលយើងអាចទទួលបានជ័យជម្នះនៅយប់នេះ។”
United ទទួលបានជ័យជម្នះជាលើកទី៣ជាប់ៗគ្នា បន្ទាប់ពីយកឈ្នះ Brentford និង Sheffield United នៅក្របខណ្ឌ Premier League ។ លោក Erik ten Hag អ្នកចាត់ការរបស់ Man Utd បានឱ្យដឹងថា៖ “យើងត្រូវតែធ្វើឱ្យបានប្រសើរជាងនេះ យើងមានការវាយបកជាច្រើន ហើយយើងមិនបានផ្តល់ឱកាសដល់ពួកគេនៅក្នុងវគ្គទីពីរទេ។ វគ្គទីមួយពិតជាអន់ណាស់ វាមិនល្អទេ ប៉ុន្តែជាការឈ្នះដ៏សំខាន់។”
Man Utd នឹងបើកទ្វារកីឡដ្ឋានទទួលស្វាគមន៍ Manchester City នៅសប្ដាហ៍ទី១០ នៃក្របខណ្ឌ Premier League ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ នៅថ្ងៃអាទិត្យ ទី២៩ ខែតុលា ចាប់ពីម៉ោង ២២:៣០ នាទីតទៅ៕