×

Gabriel Jesus ជួយឱ្យ Arsenal ឈ្នះSevilla តែមានបញ្ហារបួសខ្លួនឯងក្រោយចប់ការប្រកួត

Gabriel Jesus បានស៊ុតបាល់បញ្ចូលទី១គ្រាប់ និងបញ្ជូនឱ្យ Gabriel Martinelli សម្រេចបាន១គ្រាប់ ដើម្បីជួយឱ្យ Arsenal ទទួយជ័យជម្នះលើ Sevilla ក្នុងការប្រកួតនៃក្របខណ្ឌ Champions League កាលពីយប់មិញ។

បន្ទាប់ពីចាញ់ដោយលទ្ធផល ២-១ លើ Lens ក្នុងការប្រកួតមុន ក្រុមកាំភ្លើងធំ បានយកឈ្នះលើក្រុមម្ចាស់ជើងឯក Europa League ចំនួន ៧ សម័យកាល នៅក្នុងប្រទេសអេស្ប៉ាញ។

Gabriel Martinelli បានបើកការស៊ុតបាល់បញ្ចូលទីក្នុងការប្រកួតក្របខណ្ឌ Champions League ជាលើកដំបូងរបស់ខ្លួនតាមរយៈបាល់ចេញពី Jesus នៅនាទីទី៤៥បូក៣។ នៅវគ្គទី២ Jesus បានបង្កើនគ្រាប់បាល់នាំមុខរបស់ Arsenal ជាមួយនឹងការស៊ុតបាល់បញ្ចូលទីដ៏អស្ចារ្យ នៅនាទីទី៥៣ ដែលជាគ្រាប់បាល់ទី៣ក្នុង៣ប្រកួតនៅ Champions League របស់រូបគេ។ Sevilla បានវាយបកបានត្រឹមតែ១គ្រាប់ ពីការតែតរបស់ Nemanja Gudelj ។

ក្រោយមក ក្រុមរបស់លោក Mikel Arteta បានជួបជាមួយនឹងបញ្ហារបួសរបស់ Jesus សាជាថ្មី ដែលត្រូវបានបញ្ជាក់ថា ជារបួសសរសៃពួរ ប៉ុន្តែ Arsenal បានរក្សាលទ្ធផលនេះរហូតដល់ចប់ការប្រកួត ដើម្បីឈរនៅលើកំពូលតារាងក្នុងពូល B ។

ប្រកួតបន្ទាប់ Arsenal នឹងទទួលក្រុមភ្ញៀវ Sheffield United នៅក្នុងការប្រកួតក្របខណ្ឌ Premier League សប្ដាហ៍ទី១០ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ នាថ្ងៃសៅរ៍ ទី២៨ ខែតុលា ចាប់ពីម៉ោង ២១:០០ តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង