×

គ្រូ Newcastle United ថា ខ្សែបម្រើ Sandro Tonali អាចនឹងមានវត្តមានក្នុងការប្រកួតទោះកំពុងរងការស៊ើបអង្កេត

គ្រូបង្វឹក Newcastle United លោក Eddie Howe បាននិយាយថា ខ្សែបម្រើ Sandro Tonali អាចនឹងត្រូវបានជ្រើសរើសឱ្យចូលរួមការប្រកួតទល់នឹងក្រុម Borussia Dortmund ក្នុងពានរង្វាន់ UEFA Champions League បើទោះជារូបគេកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតក៏ដោយ។

ជាការពិត កីឡាករវ័យ២៣ឆ្នាំ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីអាជ្ញាធរផ្នែកច្បាប់ និងកីឡារបស់ប្រទេសអ៊ីតាលី FIGC ពាក់ព័ន្ធនឹងការលេងល្បែងភ្នាល់ខុសច្បាប់។ បន្ទាប់ពីរងការចោទប្រកាន់រួចមក សាមីកីឡាករមិនបានបញ្ចេញការឆ្លើយតបយ៉ាងណាមួយឡើយ។

Tonali បានហ្វឹកហាត់ជាមួយក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី មុនពេលការប្រកួតជម្រុះ UEFA Euro 2024 ទល់នឹងក្រុមជម្រើសជាតិម៉ាល់តា និងក្រុមជម្រើសជាតិអង់គ្លេស ប៉ុន្តែរូបគេត្រូវបានផ្តល់ការអនុញ្ញាតឱ្យចាកចេញពីការហ្វឹកហាត់ បន្ទាប់ពីមានព័ត៌មាននៃការចោទប្រកាន់ និងការស៊ើបអង្កេតបានកើតឡើងលើរូបគេ។

ទាក់ទិននឹងរឿងនេះ លោក Eddie Howe បានថ្លែងឱ្យដឹងមុនការប្រកួតចូលមកដល់ថា៖ “ខ្ញុំគិតថា ខ្ញុំអាចមានជម្រើសជ្រើសរើសយក Sandro Tonali សម្រាប់ការប្រកួតរបស់យើង។ រូបគេបានហ្វឹកហាត់ជាមួយសមាជិកដទៃ ហើយគេក៏បានត្រៀមខ្លួនរួចរាល់ផងដែរ។”

Newcastle United កំពុងឈរកំពូលតារាង ពូល F បន្ទាប់ពីទទួលបានលទ្ធផលល្អគួរសម គឺស្មើ AC Milan ០-០ ក្នុងការប្រកួតបើកឆាក និង ឈ្នះ Paris Saint-Germain ៤-១ ក្នុងការប្រកួតជុំទី២។

សម្រាប់ការប្រកួតជុំទី៣ ក្រុមរបស់លោក Eddie Howe នឹងត្រូវបើកទ្វារកីឡដ្ឋាន St James’ Park ដើម្បីស្វាគមន៍ ក្រុម Borussia Dortmund នៅយប់នេះ ខណៈក្រុមមកពីអាល្លឺម៉ង់ កំពុងស្ថិតនៅបាតតារាងមានតែ១ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួតស្មើ១ ចាញ់១ រួចមក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង