×

Erling Haaland បំបែកកំណត់ត្រាមួយរបស់ Kylian Mbappe នៅ Champions League

Erling Haaland បានក្លាយជាអ្នកស៊ុតបញ្ចូលទីក្មេងបំផុតក្នុងក្របខណ្ឌ Champions League ដែលអាចរកបាន ៣៧ គ្រាប់ ដោយបំបែកកំណត់ត្រារបស់ Kylian Mbappe ។

ខ្សែប្រយុទ្ធរបស់ក្រុម Manchester City បានជួបប្រទះនឹងភាពរាំងស្ងួតក្នុងការស៊ុតបញ្ចូលទី បន្ទាប់ពីបានជួយក្រុមរបស់លោក Pep Guardiola ឱ្យទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ពួកគេ កាលពីចុងរដូវកាលមុន។

កីឡាករអន្តរជាតិន័រវែសរូបនេះ បានរកគ្រាប់បាល់ដំបូង និងគ្រាប់ទី២របស់ខ្លួននៅក្នុងការប្រកួត Champions League ក្នុងចំណោម ៥ ប្រកួតនៅវគ្គសន្សំពិន្ទុ ទល់នឹងក្រុម Young Boys ។

Man City បានឈ្នះការប្រកួតនៅប្រទេសស្វ៊ីសដោយលទ្ធផល ៣-១ ជាមួយនឹងគ្រាប់បាល់ទាំងពីរគ្រាប់របស់ Haaland បានធានាឱ្យក្រុមភ្ញៀវឈរនៅលើកំពូលតារាងពូល G ។

នៅអាយុត្រឹមតែ ២៣ ឆ្នាំ និង ៩៦ ថ្ងៃ Haaland បានក្លាយជាកីឡាករដែលរកបាន ៣៧គ្រាប់ ដោយបំបែកកំណត់ត្រារបស់ Mbappe របស់ក្លិប Paris Saint-Germain ដែលធ្វើបាននៅអាយុ ២៣ ឆ្នាំ និង ២៩៥ថ្ងៃ។

កាលពីរដូវកាលមុន ខ្សែប្រយុទ្ធរបស់ Man City បានក្លាយជាកីឡាករក្មេងបំផុតដែលអាចរកបាន ៣០ គ្រាប់ក្នុងក្របខណ្ឌ Champions League ដោយបំបែកកំណត់ត្រារបស់ Mbappe ផងដែរ។

ការប្រកួតបន្ទាប់ Man City នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Old Trafford ដើម្បីប្រកួតទល់នឹង Manchester United នៅក្របខណ្ឌ Premier League សប្ដាហ៍ទី១០ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ នាថ្ងៃអាទិត្យ ទី២៩ ខែតុលា ចាប់ពីម៉ោង ២២:៣០ នាទីតទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង