×

Man UTD មានគម្រោងចង់នាំយក David de Gea មកចូលរួមក្រុមវិញក្នុងរយៈពេលខ្លី

Manchester United បានមានគម្រោងចង់នាំយក អ្នកចាំទី David de Gea មកចូលរួមក្រុមវិញក្នុងនាមជាកីឡាករឥតតម្លៃខ្លួន ដោយចុះកិច្ចសន្យាក្នុងរយៈពេលខ្លី តែប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Sun។

រយៈពេល៣ខែ បន្ទាប់ពីបញ្ចប់ការរួមរស់ជាមួយគ្នា ១២ឆ្នាំ កន្លងមក Man UTD ចង់នាំយកកីឡាករអេស្ប៉ាញត្រឡប់មកវិញ ព្រោះមានការព្រួយបារម្ភថា អ្នកចាំទីដៃទី១បច្ចុប្បន្នរបស់ពួកគេ Andre Onana អាចនឹងខកខានការប្រកួតជាច្រើន ព្រោះតែរូបគេត្រូវធ្វើដំណើរទៅចូលរួមក្រុមបាល់ទាត់ជម្រើសជាតិកាមេរូន សម្រាប់ពានរង្វាន់ Africa Cup of Nations ។

ការប្រកួតពានរង្វាន់កំពូលទ្វីបអាហ្វ្រិក Africa Cup of Nations នឹងចាប់ផ្តើមពីថ្ងៃទី ១៣ ខែមករា ដល់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយ Andre Onana អាចទៅចូលរួមក្រុមជម្រើសជាតិខ្លួន នឹងអវត្តមានការប្រកួតរបស់ Man UTD ដល់ទៅ៨ប្រកួតឯណោះ។ ដូច្នេះ បើសិនជា David de Gea ត្រឡប់មកទឹកដី Old Trafford វិញ គឺរូបគេនឹងជំនួសកន្លែងរបស់ Andre Onana សម្រាប់រយៈពេលអវត្តមាននោះ។

សូមបញ្ជាក់ថា David de Gea បានចាកចេញពី Man UTD កាលពីខែកក្កដា ហើយមកទល់នឹងពេលនេះ រូបគេមិនទាន់មានក្លិបលេងនៅឡើយទេ បើទោះជាកន្លងមកមានការរាយការណ៍ពីការចង់បានរូបគេពីសំណាក់ក្លិបនានាជាច្រើនក៏ដោយ។

ប្រកួតបន្ទាប់ Man Utd នឹងបើកទ្វារកីឡដ្ឋានទទួលស្វាគមន៍ Manchester City នៅសប្ដាហ៍ទី១០ នៃក្របខណ្ឌ Premier League ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ នៅថ្ងៃអាទិត្យ ទី២៩ ខែតុលា ចាប់ពីម៉ោង ២២:៣០ នាទីតទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង