×

Man City ដាក់តម្លៃកំណត់ត្រារបស់ក្លិបលើខ្សែប្រយុទ្ធ Julian Alvarez

Manchester City អាចពិចារណាលក់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Julian Alvarez ប្រសិនបើភាគីចាប់អារម្មណ៍ហ៊ានដេញថ្លៃ ៨០ លានផោន។

អតីតតារា River Plate បានលេងជាជម្រើសទី២ បន្ទាប់ពី Erling Haaland ក្នុងរដូវកាលដំបូងរបស់គាត់នៅកីឡដ្ឋាន Etihad ដោយរកបាន ១៧គ្រាប់ និងបញ្ជូន៥ដង ក្នុង៤៩ ប្រកួតនៅគ្រប់កម្មវិធីប្រកួតទាំងអស់។

ជាមួយនឹង Kevin De Bruyne ចេញពីសកម្មភាពដោយសារតែរបួសសរសៃពួរធ្ងន់ធ្ងរ Alvarez ទទួលបានឱកាសជាច្រើននៅក្នុងរដូវកាល ២០២៣-២៤ ។ កីឡាករវ័យ ២៣ ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទីបាន ៧ គ្រាប់ និងបញ្ជូន៥ដងក្នុង ១២ ប្រកួតនៅក្របខណ្ឌ Premier League និង Champions League ដោយធ្វើឱ្យតួលេខសរុបរបស់ខ្លួនសម្រាប់ក្រុមមេឃខៀវកើនដល់ទៅ ២៤ គ្រាប់ និងបញ្ជូន១០ដង ក្នុង៦៤ប្រកួត។

Alvarez ដែលបានស៊ុតបាល់បញ្ចូលទីបាន ៤គ្រាប់ និងបញ្ជូន ១ដង ក្នុងអំឡុងពេលដែលអាហ្សង់ទីនឈ្នះ​ពានWorld Cup ឆ្នាំ២០២២ ជាប់កុងត្រាជាមួយ Man City ដល់ឆ្នាំ២០២៨។

យោងតាម Football Insider ក្រុមមេឃខៀវបានដាក់តម្លៃ 80 លានផោនដើម្បីលក់ Alvarez ក្នុងរដូវក្តៅឆ្នាំក្រោយដែលជាតម្លៃលក់កំណត់ត្រារបស់ក្លិប។

City បានចំណាយត្រឹមតែ ១៨,៧លានផោនដើម្បីនាំយក Alvarez ទៅកាន់ទីក្រុង Manchester ពី River Plate ក្នុងខែមករា ឆ្នាំ ២០២២ ប៉ុន្តែក្លិបឱ្យនៅតែខ្ចីជើងនៅប្រទេសអាហ្សង់ទីន មុនចូលរួមជាមួយក្រុមរបស់អ្នកចាត់ការ Pep Guardiola ។

ការប្រកួតបន្ទាប់ Man City នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Old Trafford ដើម្បីប្រកួតទល់នឹង Manchester United នៅក្របខណ្ឌ Premier League សប្ដាហ៍ទី១០ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ នាថ្ងៃអាទិត្យ ទី២៩ ខែតុលា ចាប់ពីម៉ោង ២២:៣០ នាទីតទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង