គ្រូបង្វឹក លោក Pep Guardiola បាននិយាយថា រូបលោកមិនបានដាក់សម្ពាធលើខ្សែប្រយុទ្ធ Erling Haaland ថា រូបគេត្រូវតែរកគ្រាប់បាល់គ្រប់ការប្រកួតនោះទេ បន្ទាប់ពីកីឡាករន័រវេស បានរួមចំណែកស៊ុតបញ្ចូលទី២គ្រាប់ ក្នុងការប្រកួតដែល Man City ឈ្នះក្រុមម្ចាស់ផ្ទះស្វីស Young Boys ៣-១ ក្នុងជុំទី៣ពូល G ពានរង្វាន់ UEFA Champions League កាលពីយប់មិញ។
ជំនួបដែលធ្វើឡើងនាកីឡដ្ឋាន Wankdorf ក្រុម Man City បានធ្វើការវាយសម្រុកទៅលើក្រុម Young Boys បានយ៉ាងមមាញឹក ប៉ុន្តែការប្រកួតក្នុងវគ្គទី១មិនមានការស៊ុតបញ្ចូលទីនោះទេ។
ចូលមកដល់វគ្គទី២ភា្លមពោលគឺនាទី៤៨ Manuel Akanji បានរកគ្រាប់បាល់បំប៉ោងសំណាញ់របស់គូប្រជែងបានសម្រេចនាំឱ្យ Man City បំបែកភាពស្ងប់ស្ងាត់នាំមុខ ១-០។ យ៉ាងណា នាទី៥២ ក្រុម Young Boys បានធ្វើការវាយបកតាមស្មើវិញ ដែលជាការរកគ្រាប់បាល់ដោយ Meschak Elia។ នាទី៦៧ កីឡាករ Mohamed Camara បានបង្កកំហុស ដែលនាំអោយ Man City ទទួលបានបាល់ពិន័យ១១ម៉ែត្រ។ Erling Haaland បានក្លាយជាពេជ្ឈឃាត ស៊ុតបញ្ចូលទី បើកការនាំមុខឱ្យ Man City សាជាថ្មី។ នៅនាទី៨៦ Erling Haaland បានទាត់បាល់កោងយ៉ាងស្អាតទម្លុះសំណាញ់ទី១គ្រាប់ទៀត ដើម្បីធានាជ័យជម្នះមកឱ្យ Man City តែម្តង។
Erling Haaland បានស៊ុតបញ្ចូលទី១១គ្រាប់ ក្នុងចំណោម១៤ប្រកួតចុងក្រោយរបស់ Man City ដែលធ្វើអោយមានការចោទសួរថា លោក Pep Guardiola បានដាក់សម្ពាធឱ្យរូបគេត្រូវតែរកគ្រាប់បាល់ឱ្យបានឬយ៉ាងណា ប៉ុន្តែគ្រូបង្វឹកជនជាតិអេស្ប៉ាញ បានបដិសេធការចោទសួរនោះ នឹងថា នោះជាអ្វីដែល Haaland សម្រេចបានដោយខ្លួនឯង។
លោក Pep Guardiola បាននិយាយក្រោយចប់ការប្រកួតដូចនេះថា៖ “ខ្ញុំមិនបានដាក់សម្ពាធណាមួយលើ Haaland ទេ ហើយបើអ្នកណាចង់ឱ្យគេបរាជ័យនោះគឺមិនអាចទៅរួចដែរ។ គេធ្វើបានល្អ គេស៊ុតបញ្ចូល ហើយរឿងសំខាន់គឺគេចេះបង្កើតឱកាសទាំងអស់នោះ។ ការធ្វើបានល្អរបស់កីឡាករគឺជាអ្វីដែលធ្វើឱ្យខ្ញុំរីករាយណាស់។”
សម្រាប់ជ័យជម្នះនេះដែរ បានធ្វើឱ្យ Man City រក្សាកំណត់ត្រាយ៉ាងល្អគឺមិនចាញ់១៦ប្រកួតចុងក្រោយនៅ UEFA Champions League ដោយឈ្នះ១០ស្មើ៦។
ដោយឡែក ១គូទៀតក្នុងពូលជាមួយគ្នាគឺ RB Leipzig ឈ្នះ Red Star Belgrade ៣-១។
ឆ្លងកាត់៣ប្រកួតឈ្នះទាំង៣ប្រកួត ដូច្នេះ Man City មាន៩ពិន្ទុឈរកំពូលតារាងពូល G, RB Leipzig ឈរលេខ២មាន៦ពិន្ទុ Young Boys នៅលេខ៣មាន១ពិន្ទុហើយ Red Star Belgrade មាន១ពិន្ទុនៅលេខ៤។
ការប្រកួតបន្ទាប់ Man City នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Old Trafford ដើម្បីប្រកួតទល់នឹង Manchester United នៅក្របខណ្ឌ Premier League សប្ដាហ៍ទី១០ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ នាថ្ងៃអាទិត្យ ទី២៩ ខែតុលា ចាប់ពីម៉ោង ២២:៣០ នាទីតទៅ៕