ខ្សែបម្រើស្លាប Alejandro Garnacho របស់ Manchester United អាចរងការចោទប្រកាន់ និងឈានទៅដល់អាចត្រូវបានពិន័យពីសមាគមបាល់ទាត់អង់គ្លេស (FA) បន្ទាប់ពីបានបង្ហោះសារ ដែលមជ្ឈដ្ឋានមួយចំនួនយល់ថាមិនសមរម្យ។
Garnacho បានបង្ហោះសារក្នុងបណ្ដាញសង្គម ដោយដាក់រូបសញ្ញាស្វាចំនួន ២ ក្បាល។ នៅពីក្រោមរូបសញ្ញាទាំងនេះ គឺរូបថតមួយសន្លឹកដែលក្រុមកីឡាករបិសាចក្រហមរួមមាន Garnacho ផងកំពុងអបអរជាមួយអ្នកចាំទី Andre Onana បន្ទាប់ពីជួយសង្គ្រោះបាល់ពិន័យ ១១ ម៉ែត្របានសម្រេចពីការស៊ុតបញ្ចូលទីរបស់ក្រុម Copenhagen ក្នុងប្រកួត Champions League ។ Man UTD ឈ្នះប្រកួតមួយនេះក្នុងលទ្ធផល ១ ទល់នឹង ០។
ការបង្ហោះសារនេះ អាចត្រូវបានបកស្រាយច្រើនយ៉ាង ដោយមួយបែបអាចថា Garnacho អបអរសាទរដោយស្មោះជាមួយមិត្តរួមក្រុម តែមួយបែបទៀត គឺអាចមានន័យថា ជាការរើសអើងពណ៌សម្បុរ ចំពោះ Onana ដែលមានស្បែកខ្មៅ។ ក្រោយមក Garnacho បានលុបចោលសារដែលបង្ហោះនោះវិញ។
បញ្ហាបង្ហោះសារដែលអាចបកប្រែជាការរើសអើងពូជសាសន៍ពណ៌សម្បុរជាដើម គឺជាបញ្ហារសើបនៅលីគធំៗនៅអឺរ៉ុបជាពិសេសនៅអង់គ្លេស។ កន្លងមក FA ធ្លាប់បានចោទប្រកាន់ ហើយពិន័យកីឡាករមួយចំនួន ដូចជា ខ្សែប្រយុទ្ធ Edison Cavani កាលពីឆ្នាំ ២០២០ និងខ្សែបម្រើ Bernardo Silva កាលពីឆ្នាំ ២០១៩ បន្ទាប់ពីបង្ហោះសារដែល FA យល់ថាមានន័យរើសអើង។ Cavani ត្រូវបានរងពិន័យមិនឱ្យលេង ៣ប្រកួត ខណៈ Silva រងពិន័យមិនឱ្យលេង ១ប្រកួត និងពិន័យជាប្រាក់ ៥ ម៉ឺនផោន។
ប្រកួតបន្ទាប់ Man Utd នឹងបើកទ្វារកីឡដ្ឋានទទួលស្វាគមន៍ Manchester City នៅសប្ដាហ៍ទី១០ នៃក្របខណ្ឌ Premier League ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ នៅថ្ងៃអាទិត្យ ទី២៩ ខែតុលា ចាប់ពីម៉ោង ២២:៣០ នាទីតទៅ៕