Mohamed Salah បានស៊ុតបញ្ចូលទីគ្រាប់ទី៤៣ នៅពានរង្វាន់អឺរ៉ុប ក្នុងអាជីពជាមួយក្លិប Liverpool កាលពីយប់មិញ ដើម្បីបំបែកកំណត់ត្រារបស់វីរបុរសរបស់ Arsenal គឺលោក Thierry Henry ។
ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបរូបនេះ ត្រូវបានប្ដូរចូល ដើម្បីរកគ្រាប់បាល់ចុងក្រោយក្នុងការប្រកួតនេះ ដែលទទួលបានជ័យជម្នះ ៥-១ លើក្រុម Toulouse ក្នុងក្របខណ្ឌពានរង្វាន់ UEFA Europa League ។
Salah បានស៊ុតបញ្ចូលទីបានច្រើនជាងកីឡាករផ្សេងទៀតពីមុន ឬបច្ចុប្បន្ន ក្នុងពានរង្វាន់ធំៗនៅអឺរ៉ុប ពេលលេងឱ្យក្លិបតំណាងឱ្យអង់គ្លេស។ Thierry Henry ដែលស៊ុតបាន ៤២ គ្រាប់ក្នុង ៨៦ ប្រកួតនៅពានរង្វាន់អឺរ៉ុប សម្រាប់ Arsenal ចន្លោះឆ្នាំ១៩៩៩ និង ២០១២ ។
សម្រាប់ Salah បានប្រើពេលត្រឹមតែ ៦៨ប្រកួតប៉ុណ្ណោះ ដើម្បីរកបាន ៤៣គ្រាប់នៅពានរង្វាន់ទាំង UEFA Champions League និង Europa League សម្រាប់ Liverpool ។
Sergio Aguero អតីតខ្សែប្រយុទ្ធ និងវីរបុរសរបស់ Manchester City រកបាន ៤០គ្រាប់នៅអឺរ៉ុប ដោយឈរនៅចំណាត់ថ្នាក់ទី៣៕