ខ្សែបម្រើកណ្តាលរបស់ Newcastle United និងក្រុមជម្រើសជាតិអ៊ីតាលី Sandro Tonali ត្រូវបានសហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) សម្រេចព្យួររយៈពេល ១០ ខែពីបទបំពានច្បាប់ភ្នាល់ល្បែង។
កីឡាករវ័យ ២៣ឆ្នាំ នឹងត្រូវអវត្តមានរហូតដល់ខែសីហា ឆ្នាំ២០២៤ ហើយនឹងមិនអាចចូលរួមនៅក្នុងព្រឹត្តិការណ៍ Euro 2024 ប្រសិនបើអ៊ីតាលីមានសិទ្ធិចូលលេង។
កាលពីដើមខែនេះ ខ្សែបម្រើ Nicolo Fagioli របស់ Juventus ក៏បានទទួលបម្រាមដូចគ្នារយៈពេល ៧ ខែពី FIGC សម្រាប់ការបំពានច្បាប់ភ្នាល់ល្បែង។ FIGC បានបញ្ជាក់ថា Tonali បានបំពានច្បាប់ដែលហាមឃាត់មិនឱ្យចូលរួមនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ដែលរៀបចំដោយ FIGC, UEFA និង FIFA ហើយគាត់ក៏ត្រូវបានពិន័យជាប្រាក់ចំនួន ២ម៉ឺនអឺរ៉ូផងដែរ។
Tonali បានចូលរួមជាមួយ Newcastle ពី AC Milan ក្នុងខែកក្កដា ក្នុងតម្លៃ ៥៥ លានផោន។ រូបគេបានលេងនៅលើទីលានប្រកួតក្នុងអំឡុងពេលដែល Newcastle ចាញ់ Borussia Dortmund ១-០ ក្នុងក្របខណ្ឌ Champions League ក្នុងសប្ដាហ៍នេះ។ Tonali បានបង្ហាញខ្លួនចំនួន ១២ លើកសម្រាប់ក្រុមរបស់លោក Eddie Howe ចាប់តាំងពីការផ្ទេរពី AC Milan ។
Newcastle ដែលកំពុងឈរនៅចំណាត់ថ្នាក់លេខ ៦ ក្នុងក្របខណ្ឌ Premier League នឹងធ្វើដំណើរទៅជួបក្រុម Wolves នៅថ្ងៃសៅរ៍ មុនពេលជួប Manchester United ក្នុងជុំទី៤ នៃពានរង្វាន់ Carabao Cup នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយ៕