ខ្សែបម្រើ Sandro Tonali របស់ក្លិប Newcastle United និងក្រុមជម្រើសជាតិអ៊ីតាលី ត្រូវបាន សហព័ន្ធបាល់ទាត់អ៊ីតាលី ហៅកាត់ថា FIGC ដាក់ពិន័យមិនឱ្យពាក់ព័ន្ធបាល់ទាត់រយៈពេល១០ខែ ពីបទបំពានច្បាប់ល្បែងភ្នាល់។
អតីតខ្សែបម្រើក្រុម AC Milan វ័យ២៣ឆ្នាំ នឹងត្រូវឃ្លាតឆ្ងាយពីបាល់ទាត់រហូតដល់ខែសីហា ឆ្នាំក្រោយ ហើយនឹងមិនអាចចូលលេងក្នុងព្រឹត្តិការណ៍ UEFA Euro 2024 នៅរដូវក្ដៅក្រោយបានឡើយ ប្រសិនបើអ៊ីតាលីបានកៅអីសម្រាប់ពានរង្វាន់នេះ។
FIGC បានបញ្ជាក់ថា Sandro Tonali បានបំពានច្បាប់របស់ FIGC, UEFA និង FIFA ដែលហាមឃាត់កីឡាករពីការភ្នាល់បាល់ទាត់ ហើយរូបគេក៏ត្រូវបានពិន័យជាប្រាក់ចំនួន ២ម៉ឺនអឺរ៉ូផងដែរ។ រដ្ឋអាជ្ញាសហព័ន្ធ និង សាមីកីឡាករ Tonali បានយល់ព្រមលើការដកសិទ្ធិរយៈពេល១៨ខែ ដែលនៅក្នុងនោះរយៈពេល៨ខែ ត្រូវផ្លាស់ប្តូរទៅជាការកែប្រែខ្លួន ដើម្បីផ្តាច់ការញៀនល្បែង រួមបញ្ចូលទាំងការបង្ហាញខ្លួនជាសាធារណៈយ៉ាងហោចណាស់១៦ដង នៅសមាគមកីឡាស្ម័គ្រចិត្ត និងមជ្ឈមណ្ឌលដែនដីសហព័ន្ធប្រទេសអ៊ីតាលី។
Sandro Tonali បានចាកចេញពីជំរុំហ្វឹកហាត់របស់អ៊ីតាលី កាលពីថ្ងៃទី១២ ខែតុលា កន្លងទៅ បន្ទាប់ពីត្រូវបានប្រាប់ថា គេជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេតដោយព្រះរាជអាជ្ញាប្រទេសអ៊ីតាលី។
នេះមិនមែនជាករណីដំបូងឡើយ ខណៈដែលកាលពីដើមខែតុលានេះ ខ្សែបម្រើ Nicolo Fagioli របស់ក្លិប Juventus ក៏ត្រូវបាន FIGC ដាក់ពិន័យរយៈពេល៧ខែ សម្រាប់ករណីដូចគ្នានេះ ហើយក៏ត្រូវបានពិន័យជាទឹកប្រាក់ចំនួន ១២,៥០០អឺរ៉ូផងដែរ។
សូមរំលឹកថា ខ្សែបម្រើ Sandro Tonali បានផ្លាស់ពីក្លិប AC Milan ចូលរួមជាមួយនឹងក្លិប Newcastle កាលពីខែកក្កដា ឆ្នាំ២០២៣ តម្លៃ៧០លានអឺរ៉ូ ដែលធ្វើឱ្យរូបគេក្លាយជាកីឡាករអ៊ីតាលីថ្លៃបំផុតនៅក្នុងប្រវត្តិសាស្ត្រ។ ក្រោមការដឹកនាំរបស់លោក Eddie Howe, Sandro Tonali បង្ហាញខ្លួនបាន ១២ប្រកួត និងស៊ុតបញ្ចូលទី១គ្រាប់ នៅគ្រប់កម្មវីធីសម្រាប់ Newcastle។
អំឡុងពេល៣ឆ្នាំនៅទឹកដី San Siro រូបគេ បានជួយ AC Milan ឈ្នះជើងឯក Serie A រដូវកាល ២០២១-២២ និងឈានដល់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League កាលពីរដូវកាលមុនផងដែរ៕