×

Messi, Haaland និង Mbappe មានប្រៀបជាងគេក្នុងការប្រជែងយកពានរង្វាន់ Ballon d’Or 2023

Lionel Messi, Erling Haaland និង Kylian Mbappe មានប្រៀបជាងគេ ចំណោមកីឡាករទាំង ៣០រូប ក្នុងការប្រជែងយកពានរង្វាន់កីឡាករល្អបំផុតលើលោក Ballon d’Or ឆ្នាំ២០២៣។

ខ្សែប្រយុទ្ធ Lionel Messi កំពុងសម្លឹងមើលការឈ្នះពានរង្វាន់ទី៨ របស់ខ្លួន ក្រោយបានឈ្នះពានរង្វាន់ World Cup 2022 ជាមួយអាហ្សង់ទីន ស្របពេលដែល Erling Haaland និង Kylian Mbappe ក៏រំពឹងថានឹងអាចឈ្នះពានរង្វាន់មួយនេះលើកដំបូងក្នុងអាជីព។

ប្រធានក្រុមអាហ្សង់ទីន ជាកីឡាករដ៏អស្ចារ្យបំផុតមួយរូប ដោយបានសម្រេចក្តីស្រមៃឈ្នះពានរង្វាន់ FIFA World Cup 2022។ ពានរង្វាន់ World Cup គឺពានរង្វាន់ចុងក្រោយដែលរូបគេបានស្វែងរកដើម្បីទីបង្គ្រប់កំណត់ត្រាក្នុងនាមជាកីឡាករដែលឈ្នះពានរង្វាន់ធំៗទាំងអស់លើពិភពលោក។ Messi បានទៅចូលរួមក្លិប Inter Miami កាលពីខែមិថុនា រូបគេក៏បានបង្ហាញទម្រង់លេងដ៏ខ្លាំងរបស់គេជួយ Inter Miami ឈ្នះពានរង្វាន់លើកដំបូងក្នុងប្រវត្តិសាស្ត្រថែមទៀត ។

Erling Haaland ជាម៉ាស៊ីនរកគ្រាប់បាល់ដ៏ខ្លាំងពូកែរបស់ Man City ។ Haaland ជួយបង្កើនប្រវតិ្តសាស្ត្រដល់ក្លិបជាមួយការឈ្នះពានរង្វាន់ ៣ក្នុងមួយរដូវកាល កាលពីរដូវកាល ២០២២-២៣ ហើយដោយគេក៏រកបានគ្រាប់បាល់ច្រើនបំផុត ៦១គ្រាប់ ពីការបង្ហាញខ្លួន ៥៣លើក។ កំណត់ត្រា នេះបានរុញ Haaland ក្នុងនាមជាកីឡាករដែលគួរតែឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំ ២០២៣។

Kylian Mbappe ក៏នៅតែជាកីឡាករមួយរូបតែងតែមានវត្តមានក្នុងការប្រកួតប្រជែងពានរង្វាន់មួយនេះ ប៉ុន្តែបើមើលតាមការបង្ហាញរបស់គេរដូវកាលមុន ហាក់បីមិនអាចនឹងប្រជែងទល់នឹង Messi បានឡើយ ខណៈដែលមាន Haaland កំពុងតែធ្វើអោយកក្រើកបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប។ តែយ៉ាងណាកំណត់ត្រានៃការឈ្នះ World Cup 2018 និងជួយ PSG ឈ្នះពានរង្វាន់ Ligue 1 ៥រដូវកាលជាប់គ្នា ធ្វើអោយរូបគេជាកីឡាករមួយរូបដែលមិនអាចមើលរំលងបាន។

ដោយឡែក ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ព័រទុយហ្គាល់ដែលឈ្នះពានរង្វាន់ Ballon d’Or ៥ដងនោះមិនបានទទួលការតែងតាំងជាលើកដំបូងក្នុងរយៈពេល២០ឆ្នាំ។

សូមបញ្ជាក់ថា ការប្រកាសសម្រាប់អ្នកឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំ ២០២៣ នឹងត្រូវធ្វើឡើងនៅយប់ថ្ងៃទី៣០ ខែតុលា នាទីក្រុងប៉ារីស ប្រទេសបារាំង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង