×

អ្នកគាំទ្រ Chelsea រិះគន់ស្ថាប័ន Premier League ករណីលើកពេលវេលាការប្រកួតក្រុមខ្លួនចំថ្ងៃបុណ្យណូអែល

ការសម្រេចចិត្តរៀបចំការប្រកួតរវាង Chelsea ទល់នឹង Wolverhampton របស់ស្ថាប័នលីគកំពូលអង់គ្លេស Premier League ចំថ្ងៃបុណ្យណូអែល កំពុងរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្ររបស់ក្រុមតោខៀវ។

ដំបូងឡើយកាលវិភាគនៃការប្រកួតរវាងក្រុមទាំងពីរនាក្របខណ្ឌ Premier League ត្រូវរៀបចំឡើងនៅក្នុងថ្ងៃទី២៣ខែធ្នូ ប៉ុន្តែវាក៏ត្រូវបានលើកពេលទៅកាន់ថ្ងៃទី២៥ ខែធ្នូ វិញ។

ការសម្រេចចិត្តលើកពេលបែបនេះ ធ្វើឱ្យការប្រកួតក្នុងក្របខណ្ឌ Premier League រវាងក្រុមទាំងពីរ នឹងក្លាយជាការប្រកួតលើកដំបូងក្នុងរយៈពេល ២៨ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៩៥ មក ដែលត្រូវនឹងថ្ងៃបុណ្យណូអែល។

ក្រុមអ្នកគាំទ្រ Chelsea បានចាត់ទុកថាការរៀបចំរបស់ស្ថាប័ន Premier League ជារឿងមិនអាចទទួលយកបាននិងថាអ្នកគាំទ្រក្រុមតោខៀវ អាចប្រឈមនឹងបញ្ហាក្នុងការធ្វើដំណើរទៅកាន់ទឹកដីរបស់ Wolverhampton នៅចុងសប្តាហ៍នៃវិស្សមកាល ដែលចំថ្ងៃបុណ្យណូអែល។

អ្នកគាំទ្រ Chelsea បានអះអាងបន្ថែមថាខ្លួនបានស្នើសុំជួបប្រជុំជាមួយនឹងខាងស្ថាប័ន Premier League ដើម្បីដោះស្រាយលើបញ្ហានេះ ហើយពួកគេសង្ឃឹមថានឹងជជែកជាមួយក្រុមអ្នកគាំទ្រ Wolverhampton ក៏ដូចជាសមាគមអ្នកគាំទ្របាល់ទាត់ FSA ថែមទៀត។

ចំពោះសមាគម FSA បានឱ្យដឹងថា អ្នកគាំទ្រ Chelsea នឹងត្រូវរៀបចំសំណើទៅកាន់ Premier League ដើម្បីបង្ហាញអំពីបញ្ហា ដើម្បីអាចឱ្យខាង Premier League រៀបចំការសម្រេចចិត្តលើកាលវិភាគសាជាថ្មី។ FSA ក៏បានចាត់ទុកការលើកថ្ងៃនៃការប្រកួតនេះថាជារឿងដ៏គួរភ្ញាក់ផ្អើល។

សម្រាប់អ្នកគាំទ្រក្រុម Wolves វិញបានចាត់ទុកការលើកកាលវិភាគប្រកួតនេះថាជារឿងដែលមិនគោរពដល់ក្រុមអ្នកគាំទ្ររបស់ក្រុមទាំងសងខាង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង