ទាហានកូឡុំប៊ីជាង១២០នាក់ ដែលគាំទ្រដោយប៉ូលិសជាតិរបស់ប្រទេសនេះ បានបន្តស្វែងរកឪពុករបស់ខ្សែប្រយុទ្ធក្រុមជម្រើសជាតិកូឡុំប៊ី និងក្លិប Liverpool, Luis Diaz ដែលត្រូវបាន ចាប់ជំរិតរួមជាមួយប្រពន្ធ ប៉ុន្តែប្រពន្ធរបស់គាត់ដែលត្រូវជាម្តាយរបស់ Luis Diaz ត្រូវបានសង្គ្រោះ។
ប៉ូលីសបានបង្កើតកងកម្លាំងនៅក្នុងដំណើរស្វែងរកលោក Luis Manuel Diaz ឪពុកកីឡាករ Luis Diaz ។ អាជ្ញាធរមិនបានផ្តល់ព័ត៌មានលម្អិតអំពីការចាប់ជំរិតនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា ឪពុកម្តាយរបស់ខ្សែប្រយុទ្ធ Luis Diaz ត្រូវបានចាប់ខ្លួនដោយក្រុមប្រដាប់អាវុធ កាលពីថ្ងៃ២៨ ខែតុលា នៅឯស្ថានីយ៍ប្រេងឥន្ធនៈមួយនៅក្នុងទីក្រុង Barrancas ភាគខាងជើងប្រទេសកូឡុំប៊ី។
ប៉ូលិសកូឡុំប៊ីបានប្រកាសផ្តល់ប្រាក់រង្វាន់ប្រហែល ៤៨,០០០ដុល្លារ សម្រាប់តម្រុយឈានទៅដល់ការរកឃើញលោក Luis Manuel Diaz និងក្រុមប្រដាប់អាវុធនោះ។
ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានថ្លែងថា ម្តាយកីឡាករ Luis Díaz គឺលោកស្រី Cilenis Marulanda ត្រូវបានជួយសង្គ្រោះនៅទីក្រុង Barrancas ពោលប៉ុន្មានម៉ោងបន្ទាប់ពីលោកស្រី និងប្តីលោកស្រីត្រូវបានយកចាប់ខ្លួន។
កូឡុំប៊ី គឺជាប្រទេសមួយដែលទើបតែរួចចេញពីជម្លោះស៊ីវិលជាច្រើនទសវត្សមកហើយរវាងក្រុមប្រដាប់អាវុធជាគូសត្រូវ ដែលបានចាប់ពង្រត់មនុស្សជាង ៣៨,០០០នាក់ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដែលភាគច្រើនគឺជាថ្នូរនឹងទឹកប្រាក់ដោះដូរ។
លោក Luis Manuel Diaz ជាគ្រូបង្វឹកស្ម័គ្រចិត្តនៅសាលាបាល់ទាត់តែមួយគត់នៅទីក្រុង Barrancas នៅជិតព្រំដែនប្រទេសវេនេហ្ស៊ុយឡា។ មានការលើកឡើងថា លោក Luis Manuel Diaz អាចស្ថិតនៅក្នុងប្រទេសវេនេហ្ស៊ុយឡា។
មកទល់ពេលនេះ ខ្សែប្រយុទ្ធ Luis Díaz មិនទាន់ចេញសេចក្តីថ្លែងការណ៍ណាមួយទេ ខណៈ រូបគេបានខកខានការប្រកួតរវាងក្រុម Liverpool នឹងក្រុមភ្ញៀវ Nottingham Forest កាលពីថ្ងៃទី២៩ ខែតុលា កន្លងទៅ ដើម្បីត្រឡប់ទៅកាន់ប្រទេសកូឡុំប៊ី។
ក្លិបបាល់ទាត់ Liverpool រួមនឹងគ្រូបង្វឹកលោក Jürgen Klopp បានបង្ហាញការសោកស្តាយចំពោះរឿងដែលបានកើតឡើងនិងថាវាជាស្ថានភាពគួរអោយព្រួយបារម្ភសម្រាប់គ្រប់គ្នានៅ Liverpool ៕