លោក Erik ten Hag បាននិយាយថា លោកគឺជាបុគ្គលដែលអាចបញ្ឈប់ និង ស្រោចស្រង់ស្ថានការណ៍ដុនដាបនៅ Manchester United បាន បើទោះជាក្រុមបិសាចក្រហមរបស់លោក ទើបតែត្រូវបានទម្លាក់ចេញពីពានរង្វាន់ EFL Cup ក្រោមថ្វីជើងក្រុម Newcastle United ក្តី។
ជាការពិត Man UTD ដែលជាក្រុមការពារតំណែងជើងឯកនៃពានរង្វាន់ EFL Cup ត្រូវបានក្រុម Newcastle ទម្លាក់ចេញនៅត្រឹមជុំទី៤ តាមរយៈលទ្ធផល ៣-០ នាកីឡដ្ឋាន Old Trafford។
ក្នុងការប្រកួតនោះ ក្រុម Newcastle បាននាំមុខ២គ្រាប់តាំងពីវគ្គទី១ ដោយ Miguel Almirón រកគ្រាប់បាល់នៅនាទី២៨ និង Lewis Hall រកគ្រាប់បាល់នៅនាទី៣៦។ នៅវគ្គទី២ នាទី៦០ Joe Willock បានបន្ថែមគ្រាប់បាល់ទី៣សម្រាប់ក្រុមភ្ញៀវ Newcastle ខណៈក្រុមម្ចាស់ផ្ទះ Man UTD មិនអាចធ្វើអ្វីគូប្រកួតរបស់ខ្លួនបាននោះទេ។
នេះជាលទ្ធផលខកចិត្តមួយទៀតសម្រាប់ Man UTD និងគ្រូបង្វឹកលោក Erik ten Hag ដែលរងការបរាជ័យដល់ទៅ៨ដងហើយ ក្នុងចំណោម១៥ប្រកួតដំបូងនៅរដូវកាលថ្មី និងជាការចាប់ផ្តើមរដូវកាលថ្មីដ៏អាក្រក់សាជាថ្មីរបស់ពួកគេ ចាប់តាំងពីឆ្នាំ ១៩៦២-៦៣ មក។
លទ្ធផលមិនល្អទាំងអស់ បានធ្វើឱ្យកៅអី របស់លោក Erik ten Hag ឡើងកម្តៅ និងមានការចោទសួរពីសមត្ថភាពរបស់លោក ក្នុងការដឹកនាំ Man UTD ។ ទោះយ៉ាងណា គ្រូបង្វឹកជនជាតិហូឡង់អះអាងថា ការដឹកនាំ Man UTD ជាការប្រកួតប្រជែងដ៏ធំមួយ ហើយលោកគឺជាបុគ្គលត្រឹមត្រូវដែលធ្វើរឿងទាំងនេះ។
ជុំវិញបញ្ហានេះ លោក Ten Hag បានថ្លែងឱ្យដឹងក្រោយចប់ការប្រកួតថា៖ “ខ្ញុំយល់ នៅពេលដែលលទ្ធផលមិនល្អ នោះវានឹងមានការចោទសួរពីវត្តមានរបស់ខ្ញុំនៅកៅអីដឹកនាំ។ ប៉ុន្តែខ្ញុំជឿជាក់ថា ខ្ញុំអាចធ្វើបាន។ នៅពេលនេះ យើងស្ថិតនៅទីតាំងអាក្រក់ ហើយខ្ញុំទទួលខុសត្រូវចំពោះវា។ ប៉ុន្តែខ្ញុំជាអ្នកប្រយុទ្ធ ហើយខ្ញុំមើលឃើញថា បញ្ហានៅ Man UTD ជារឿងប្រកួតប្រជែងដ៏ធំមួយ ហើយខ្ញុំយល់ថា ខ្ញុំគឺជាបុគ្គលដ៏ត្រឹមត្រូវដែលនឹងមកដោះស្រាយបញ្ហាទាំងនោះ។”
ដោយឡែក សម្រាប់ Newcastle United វិញ ជ័យជម្នះនេះគឺជាការយកឈ្នះ Man UTD ជាលើកទី២ នៅទឹកដី Old Trafford តាំងពីឆ្នាំ១៩៧២ និងជាការសងសឹកបានសម្រេចក្រោយរងបរាជ័យ នៅវគ្កផ្តាច់ព្រ័ត្រពានរង្វាន់ EFL Cup កាលពីរដូវកាលមុនរួចមក។
Newcastle នឹងបន្តឡើងទៅវគ្គ៨ក្រុមចុងក្រោយជួបក្រុម Chelsea ដែលបានទម្លាក់ក្រុមលីគទី២ Blackburn Rovers ដោយការប្រកួតនឹងធ្វើឡើងនៅខែធ្នូ ខាងមុខ។
ដោយឡែក Man UTD នឹងមានភារកិច្ចបន្ទាប់ ដោយត្រូវប្រកួតទល់នឹងក្រុមម្ចាស់ផ្ទះ Fulham នៅសប្ដាហ៍ទី១១ នៃក្របខណ្ឌ Premier League ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CNC តែមួយគត់ នាថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ចាប់ពីម៉ោង ៧:២៥ នាទីយប់តទៅ៕