×

ប្រធាន FIFA ផ្ញើសារគាំទ្រទៅកាន់ខ្សែប្រយុទ្ធ Luis Diaz ក្រោយឱពុកម្តាយត្រូវចាប់ជំរិត

លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA បានផ្ញើសារគាំទ្រ និងជួយបន់ស្រន់ទៅកាន់ខ្សែប្រយុទ្ធ Luis Diaz របស់ក្លិប Liverpool ចំពោះបញ្ហាការចាប់ជំរិតឪពុកម្តាយរបស់គេនៅក្នុងប្រទេសកូឡុំប៊ី។

ម្តាយរបស់ Diaz ត្រូវបានជួយសង្គ្រោះមកវិញដោយសុវត្ថិភាព ប៉ុន្តែក្រុមអាជ្ញាធរ ក៏ដូចជាទាហានច្រើនអ្នកកំពុងតែបន្តស្វែងរកឪពុករបស់គេ។

លោក Infantino បានបង្ហោះនៅលើបណ្តាញសង្គមបែបនេះថា៖ “ក្នុងនាមជា FIFA និងសហគមន៍បាល់ទាត់ពិភពលោក ខ្ញុំសូមផ្ដល់ការគាំទ្រ និងការអធិស្ឋានរបស់យើងទៅកាន់ក្រុមគ្រួសាររបស់ Luis Diaz និងមិត្តភក្កិរបស់គេក្នុងគ្រាដ៏លំបាកនេះ។”

កន្លងទៅ សហព័ន្ធបាល់ទាត់ប្រទេសកូឡុំប៊ី ក៏បានចេញសេចក្តីប្រកាស ទាមទារឱ្យជនចាប់ជំរិត ដោះលែងឪពុករបស់ Diaz ជាបន្ទាន់ដោយគ្មានការព្រមព្រៀងអ្វីទាំងអស់។

អំឡុងការប្រកួតរបស់ Liverpool ទល់នឹង Nottingham Forest កាលពីចុងសប្តាហ៍មុន ខ្សែប្រយុទ្ធ Luis Diaz បានចាកចេញពីក្រុមទាំងយប់ ក្រោយឮដំណឹងអំពីក្រុមគ្រួសារត្រូវបានចាប់ជំរិត។

លោក Jurgen Klopp បានចាត់ទុករឿងនេះថាជារឿងដែលពិបាកបំផុតដែលលោកមិនធ្លាប់ជួបនៅក្នុងជីវិតរបស់លោក។

ស្ថិតក្នុងការប្រកួតដដែលនោះ អំឡុងពេលខ្សែប្រយុទ្ធ Diogo Jota បានស៊ុតបាល់ចូលទី រូបគេបានលើកអាវបង្ហាញពីឈ្មោះរបស់ Luis Diaz ក្នុងន័យគាំទ្រ ក៏ដូចជាការបន់ស្រន់សម្រាប់សុវត្ថិភាពរបស់ក្រុមគ្រួសារមិត្តរួមក្រុមរបស់ខ្លួន។

គិតមកដល់ពេលនេះ អាជ្ញាធរប្រទេសកូឡុំប៊ី នៅមិនទាន់អាចស្វែងរកទីតាំង ឪពុករបស់ Diaz បានឡើយ។ កាលពីថ្ងៃទី២៩ ខែតុលា មន្ត្រីប៉ូលិសកូឡុំប៊ី បានប្រកាសថា ពួកគេនឹងផ្តល់ប្រាក់ចំនួន ៤ម៉ឺនអឺរ៉ូ ដល់អ្នកដែលបានផ្តល់ព័ត៌មាន សម្រាប់ជួយដល់ការជួយសង្គ្រោះដល់ឱពុករបស់ខ្សែប្រយុទ្ធ Diaz។

Diaz ទំនងជាអវត្តមានសម្រាប់ការប្រកួតរវាង Liverpool ទល់នឹងក្រុមម្ចាស់ផ្ទះ​ Luton Town សប្ដាហ៍ទី១១​នៃក្របខណ្ឌ Premier League នាថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ម៉ោង ១១:២៥ នាទីយប់ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់នៅប្រទេសកម្ពុជា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង