អ្នកចាត់ការក្រុម Arsenal លោក Mikel Arteta បាននិយាយថា លោកខកចិត្តនឹងខ្លួនឯង បន្ទាប់ពីក្រុមរបស់គាត់បានធ្លាក់ចេញពីពានរង្វាន់ EFL Cup ក្នុងជុំទី៤ បន្ទាប់ពីចាញ់ក្រុម West Ham ក្នុងលទ្ធផល ៣-១ ។
Arteta បានអនុញ្ញាតឱ្យ Declan Rice, Bukayo Saka និងប្រធានក្រុម Martin Odegaard សម្រាកក្នុងការប្រកួតនេះ ដោយអង្គុយនៅកៅអីបម្រុងនៅពេលកញ្ចែរចាប់ផ្ដើម។
West Ham បាននាំមុខតាមរយៈគ្រាប់បាល់កំហុសចូលទីខ្លួនឯងនៅនាទីទី១៦ដោយ Ben White ។បន្ទាប់ពីការសម្រាកវគ្គទីមួយ Mohammed Kudus បន្ថែមគ្រាប់បាល់ទីពីរនៅនាទីទី៥០។ ជ័យជម្នះរបស់ West Ham គឺមានសុវត្ថិភាព នៅពេលដែល Bowen សម្រេចគ្រាប់ទី៣ នៅ១០នាទីបន្ទាប់។ Odegaard ត្រូវបានប្ដូរចូលដើម្បីរកគ្រាប់បាល់១គ្រាប់មកវិញសម្រាប់ Arsenal ប៉ុន្តែយឺតពេលទៅហើយ ព្រោះនាទីបានដើរដល់ ៩០បូក៦ ទៅហើយ។
ក្រោយចប់ការប្រកួត គ្រូ Arsenal បានទទួលយកការស្ដីបន្ទោសសម្រាប់លទ្ធផលនេះ។ គាត់បាននិយាយថា៖ “ខ្ញុំខកចិត្តខ្លាំងណាស់។ ខ្ញុំទទួលខុសត្រូវចំពោះរឿងនោះ។
ខ្ញុំខកចិត្តនឹងខ្លួនឯង។ យើងចង់លេងតាមរបៀបផ្សេង ហើយយើងមិនអាចធ្វើវាបានទេ។ រាល់ពេលដែលយើងចាញ់ គឺមានការឈឺចាប់។
យើងត្រូវប្រើការឈឺចាប់នេះ និងការបរាជ័យនេះ ដើម្បីរៀបចំឱ្យល្អបំផុតសម្រាប់ Newcastle នៅថ្ងៃសៅរ៍”។
West Ham ឈានទៅវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ EFL Cup ដែលពួកគេនឹងជួប Liverpool នៅក្រៅដី។
ការផ្សាយបន្តផ្ទាល់ការប្រកួតសប្ដាហ៍ទី១១ នៃក្របខណ្ឌ Premier League របស់ CBS ៖
Fulham Vs Man Utd ថ្ងៃសៅរ៍ ទី៤ វិច្ឆិកា ម៉ោង៧:២៥នាទីយប់ នៅ CNC
Man City Vs Bournemouth ថ្ងៃសៅរ៍ ទី៤ វិច្ឆិកា ម៉ោង៩:៥៥នាទីយប់ នៅ MyTV
Luton Town Vs Liverpool ថ្ងៃអាទិត្យ ទី៥ វិច្ឆិកា ម៉ោង១១:២៥នាទីយប់ នៅ CTN ៕