រដ្ឋាភិបាលកូឡុំប៊ីបានប្រកាសថា ឪពុករបស់កីឡាករបាល់ទាត់ Liverpool ពោលគឺ Luis Díaz ត្រូវបានចាប់ជំរិត ដោយពួកឧទ្ទាមស្ថិតក្រោមកងទ័ពរំដោះជាតិ (ELN) ។
កាលពីថ្ងៃព្រហស្បតិ៍ គណៈប្រតិភូរដ្ឋាភិបាលដែលបច្ចុប្បន្នកំពុងចូលរួមក្នុងកិច្ចចរចាសន្តិភាពជាមួយក្រុមឧទ្ទាម បាននិយាយថា ឪពុករបស់ Diaz ត្រូវបានចាប់ជំរិតដោយអង្គភាពដែលជាកម្មសិទ្ធិរបស់ ELN។
សេចក្ដីរាយការណ៍ឱ្យដឹងថា ក្រុមនេះនឹងដោះលែងឪពុករបស់ Díaz នៅប៉ុន្មានថ្ងៃខាងមុខ។ ELN គឺជាក្រុមទ័ពព្រៃសកម្មដែលនៅសេសសល់ក្នុងប្រទេសកូឡុំប៊ី។ ពួកគេបានប្រយុទ្ធជាមួយរដ្ឋាភិបាលប្រទេសនេះ តាំងពីឆ្នាំ១៩៦៤មកម្ល៉េះ ហើយមានសមាជិកប្រមាណ ២៥០០នាក់។ ក្រុមនេះ មានសកម្មភាពសកម្មបំផុតនៅក្នុងតំបន់ព្រំដែនជាមួយប្រទេសវេណេហ្សុយអេឡា ដែលជាកន្លែងដែលលោក Luis Manuel Díaz និងប្រពន្ធរបស់គាត់ ឈ្មោះ Cilenis Marulanda រស់នៅ។
ខ្សែវីដេអូ CCTV បានបង្ហាញថា រថយន្តរបស់ពួកគាត់ ត្រូវបានម៉ូតូរបស់ក្រុមឧទ្ទាមប្រដេញតាម កាលពីរសៀលថ្ងៃសៅរ៍។ បន្ទាប់មក ក្រុមប្រដាប់ដោយអាវុធ បានបញ្ឈប់រថយន្តរបស់ពួកគាត់នៅស្ថានីយប្រេងឥន្ធនៈមួយកន្លែង ក្នុងស្រុកកំណើតរបស់ពួកគាត់ នៅ Barrancas ក្នុងខេត្ត La Guajira ។
ប៉ុន្តែក្រោយមក ក្រុមខ្មាន់កាំភ្លើងបានទម្លាក់ម្តាយរបស់ Luis Díaz ពីរថយន្ត ខណៈប៉ូលិសកំពុងតាមពីក្រោយ ប៉ុន្តែមិនបានដោះលែងឪពុករបស់គាត់ឡើយ។ ប៉ូលីសបានផ្តោតលើការស្វែងរករបស់ពួកគេនៅ Serranía del Perijá ដែលជាតំបន់ភ្នំជាប់ព្រំដែនរវាងកូឡុំប៊ី និងវ៉េណេហ្សុយអេឡា។
ពួកគេបានរកឃើញម៉ូតូពីរគ្រឿង និងរថយន្តមួយគ្រឿង ដែលពួកគេគិតថាត្រូវបានប្រើប្រាស់ក្នុងការចាប់ជំរិត ប៉ុន្តែមិនទាន់អាចកំណត់កន្លែងលាក់ខ្លួនរបស់ពួកគេនៅឡើយទេ។
នៅក្នុងសេចក្តីថ្លែងការណ៍ ប្រមុខគណៈប្រតិភូរដ្ឋាភិបាលដែលកំពុងចរចាជាមួយ ELN លោក Otty Patiño បានទាមទារឱ្យមានការដោះលែងលោក Luis Manuel Díaz ជាបន្ទាន់។
ក្នុងសេចក្ដីថ្លែងការណ៍នេះ បានឱ្យដឹងថា៖ “យើងសូមរំឭក ELN ថាការចាប់ជំរិតគឺជាអំពើឧក្រិដ្ឋកម្មដែលបំពានលើច្បាប់មនុស្សធម៌អន្តរជាតិ ហើយថាវាជាកាតព្វកិច្ចរបស់ពួកគេក្នុងនាមជាភាគីមួយនៃដំណើរកិច្ចព្រមព្រៀងសន្តិភាពនាពេលបច្ចុប្បន្ន មិនត្រឹមតែបញ្ឈប់ការចាប់ជំរិតប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែបញ្ឈប់ជារៀងរហូត”។
កន្លងមកការព្យាយាមចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយ ELN បានបរាជ័យ ប៉ុន្តែជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ប្រធានាធិបតី Gustavo Petro ដើម្បីសន្តិភាព រដ្ឋាភិបាលរបស់លោកបានចាប់ផ្តើមការចរចាឡើងវិញជាមួយក្រុមទ័ពព្រៃនេះ។
កាលពីដើមឆ្នាំនេះ ភាគីទាំងពីរបានព្រមព្រៀងលើបទឈប់បាញ់ទ្វេភាគីរយៈពេល៦ខែ ដែលចូលជាធរមាននៅថ្ងៃទី៣ ខែសីហា។ ការចាប់ជំរិតឪពុករបស់ Luis Díaz បានបង្កឱ្យមានកំហិងនៅក្នុងប្រទេសកូឡុំប៊ី។
កាលពីថ្ងៃអង្គារ មនុស្សរាប់រយនាក់បានចេញមកទាមទារឱ្យមានការដោះលែងគាត់។ ក្រុម Liverpool ក៏បានបង្ហាញពីការគាំទ្រ ដោយអ្នកចាត់ការ Jurgen Klopp បានឧទ្ទិសជ័យជម្នះ ៣-០ លើ Nottingham Forest សម្រាប់ Díaz ។
ការផ្សាយបន្តផ្ទាល់ការប្រកួតសប្ដាហ៍ទី១១ នៃក្របខណ្ឌ Premier League របស់ CBS ៖
Fulham Vs Man Utd ថ្ងៃសៅរ៍ ទី៤ វិច្ឆិកា ម៉ោង៧:២៥នាទីយប់ នៅ CNC
Man City Vs Bournemouth ថ្ងៃសៅរ៍ ទី៤ វិច្ឆិកា ម៉ោង៩:៥៥នាទីយប់ នៅ MyTV
Luton Town Vs Liverpool ថ្ងៃអាទិត្យ ទី៥ វិច្ឆិកា ម៉ោង១១:២៥នាទីយប់ នៅ CTN ៕