តំណែងរបស់លោក Erik ten Hag នៅក្លិប Man UTD កំពុងមានភាពរង្គោះរង្គើរ ខណៈស្ថានភាពរបស់ក្លិបកំពុងតែជួបបញ្ហាទម្រង់លេងយ៉ាងខ្លាំង និងជាពិសេសភាពសាមគ្គីអំឡុងការប្រកួត។
ថ្នាក់ដឹកនាំក្លិបបិសាចក្រហមកំពុងជំរុញឱ្យមានការដោះស្រាយជាបន្ទាន់ ស្របពេលកិច្ចព្រមព្រៀងទិញភាគហ៊ុនក្លិបពីមហាសេដ្ឋី Sir Jim Ratcliffe ក៏កំពុងដំណើរការ។
បន្ទាប់ពីចាញ់ការប្រកួតនៅក្នុងទឹកដី Old Trafford ២លើក ចុងក្រោយជាប់ៗគ្នា ក្រោមថ្វីជើងក្រុម Man City និង Newcastle United លទ្ធផល ៣-០ ដូចគ្នា ធ្វើឱ្យតំណែងរបស់គ្រូបង្វឹកលោក Ten Hag កំពុងតែមានភាពរង្គោះរង្គើខ្លាំង។
យ៉ាងណាកន្លងមក លោក Ten Hag ក៏បានអះអាងថា ខ្លួនគឺជាអ្នកប្រយុទ្ធ និងបានសារភាពថាក្រុម Man UTD កំពុងស្ថិតក្នុងស្ថានភាពអាក្រក់ ស្របពេលមន្ត្រីរបស់ក្លិប បានព្យាយាមបដិសេធអំពីរឿងរ៉ាវអនាគតរបស់លោក Ten Hag។
វាសនារបស់លោក Ten Hag អាចនឹងត្រូវកំណត់ត្រឹមតែរយៈពេល ៤ ទៅ ៥ ប្រកួតខាងមុខទៀត ប្រសិនបើ Man UTD នៅតែមិនអាចស្វែងរកការឈ្នះជាប់គ្នាឡើងវិញនោះទេ នោះរូបលោក ក៏អាចរបូតតំណែងដែរ។
ការចាប់ផ្តើមរដូវកាលថ្មីមិនល្អខ្លាំងឡើង អាចទាញអោយ Man UTD បន្តស្ថិតក្នុងសម្ពាធ រហូតតម្រូវអោយមានផ្លាស់ប្តូររចនាសម្ព័ន្ធការដឹកនាំក្លិប ខណៈដែលក្លិបក៏កំពុងតែសម្លឹងក្នុងការស្វែងរកម្ចាស់ដឹកនាំថ្មី ក្រោយពេលការប្រកាសលក់ក្លិបពីគ្រួសារ Glazer រយៈពេលជាង ១ឆ្នាំ កន្លងមក។ Man UTD បច្ចុប្បន្ន ត្រូវការស្វែងរកកំណែងទម្រង់ការដឹកនាំពីម្ចាស់ថ្មី ដើម្បីស្វែងរកយុទ្ធសាស្ត្រថ្មីក្នុងការប្រកួតប្រជែង។
ថ្មីៗនេះ លោក Jim Ratcliffe បានសម្លឹងមើលការទិញភាគហ៊ុនក្លិប Man UTD ចំនួន ២៥ភាគរយ ប៉ុន្តែកិច្ចព្រមព្រៀងនៅមិនទាន់បានសម្រេចនៅឡើយ។ ក្រុមគ្រួសារ Glazer មកដល់បច្ចុប្បន្នជាម្ចាស់ក្លិប ប៉ុន្តែរយៈពេល ៣រដូវកាលចុងក្រោយមកនេះ អ្នកគាំទ្រទាមទារចង់អោយពួកគេចាកចេញពីក្លិប ខណៈក្លិបធ្វើមិនបានល្អរយៈពេលជិត ១សតវត្សរួចមកហើយ។
បើទោះជាមើលឃើញពីជំនួយបន្ថែមពីការទិញភាគហ៊ុនក្លិបពីលោក Jim Ratcliffe ក៏ដូចជាអនាគតរបស់លោក Ten Hag ក៏ដោយ ប៉ុន្តែពេលវេលាសម្រាប់ការកាន់តំណែងរបស់គ្រូបង្វឹកវ័យ ៥៣ឆ្នាំ ក្នុងការកែប្រែវាសនាក្នុងក្រុម ក៏មានពេលខ្លីបំផុតដែរ៕