ខ្សែប្រយុទ្ធ Luis Díaz បានអង្វរក្រុមចាប់ជំរិតឱ្យដោះលែងឪពុករបស់ខ្លួន បន្ទាប់ពីរកគ្រាប់បាល់បញ្ចូលទី១គ្រាប់ចុងម៉ោងជួយ Liverpool តាមស្មើម្ចាស់ផ្ទះ Luton Town លទ្ធផល ១-១ នៅក្នុងក្របខណ្ឌ Premier League កាលពីចុងសប្តាហ៍ កន្លងទៅ។
ឪពុកម្តាយរបស់កីឡាករក្រុមបាល់ទាត់ជម្រើសជាតិកូឡុំប៊ី Luis Díaz ត្រូវបានចាប់ជំរិតនៅស្រុកកំណើតនាទីក្រុង Barrancas ប្រទេសកូឡុំប៊ី ដោយក្រុមឧទ្ទាម ELN កាលពីថ្ងៃទី២៨ ខែតុលា។ ក្រោយមកម្តាយរបស់គេត្រូវបានសង្គ្រោះ តែឪពុកនៅបាត់ខ្លួនរហូតមកទល់ពេលនេះ។
អ្វីដែលគ្រប់គ្នាចាប់អារម្មណ៍ បន្ទាប់ពី Luis Díaz តែតបាល់បញ្ចូលទីក្នុងការប្រកួតនោះរួចហើយ គេបានលើកអាវបង្ហាញពាក្យជាភាសាអេស្ប៉ាញ ដែលមានន័យថាសេរីភាពសម្រាប់លោកឪពុក។
ជុំវិញរឿងចាប់ជំរិតឪពុកខ្លួននេះដែរ Luis Díaz បានចេញសេចក្តីថ្លែងការណ៍មួយថា៖ “ការព្រួយបារម្ភរបស់យើងកាន់តែខ្លាំងឡើង។ ម្តាយខ្ញុំ បងប្អូនខ្ញុំ និងខ្ញុំ បារម្ភ និងអស់សង្ឃឹម។ ការឈឺចាប់នេះ នឹងបញ្ចប់នៅពេលយើងមាន លោកឪពុកនៅផ្ទះជាមួយយើង។ ខ្ញុំសូមអង្វរដោះលែងគាត់ទៅ ដោយគោរពនូវភាពស្មោះត្រង់ និងបញ្ចប់ការរង់ចាំដ៏ឈឺចាប់មួយនេះ។”
ទន្ទឹមនឹងនោះ Díaz ក៏បានថ្លែងអំណរគុណដល់ប្រជាជនកូឡុំប៊ី និងសហគមន៍អន្តរជាតិចំពោះការគាំទ្រ និងការយកចិត្តទុកដាក់ សាមគ្គីភាពក្នុងគ្រាដ៏លំបាកនេះ។
រដ្ឋាភិបាលកូឡុំប៊ីបានដាក់ពង្រាយប៉ូលីស និងទាហានរាប់រយនាក់ក្នុងដំណើរស្វែងរកលោក Luis Manuel Díaz ឪពុករបស់កីឡាករ Luis Díaz ។
គណៈប្រតិភូរដ្ឋាភិបាល ដែលកំពុងចូលរួមក្នុងកិច្ចចរចាសន្តិភាពជាមួយក្រុមឧទ្ទាមបានអះអាងថា ការចាប់ជំរិតត្រូវបានធ្វើឡើងក្រុមឧទ្ទាម ELN។ តំណាងក្រុមនេះ បានរាយការណ៍ថា ក្រុមនឹងដោះលែងឪពុក Díaz នៅប៉ុន្មានថ្ងៃខាងមុខ។
ELN គឺជាក្រុមទ័ពព្រៃសកម្មនៅសេសសល់ដ៏មានឥទិ្ធពលរបស់ប្រទេសកូឡុំប៊ី។ ក្រុមនេះ បានប្រយុទ្ធជាមួយនឹងរដ្ឋាភិបាលតាំងពីឆ្នាំ១៩៦៤ មក។ ពួកគេសកម្មបំផុតនៅក្នុងតំបន់ព្រំដែនជាមួយប្រទេសវេណេហ្សុយអេឡាជាកន្លែងឪពុកម្តាយរបស់ Luis Díaz លោក Luis Manuel Díaz និង លោកស្រី Cilenis Marulanda កំពុងរស់នៅ។
ការផ្សាយបន្តផ្ទាល់ការប្រកួតសប្ដាហ៍ទី១២ នៃក្របខណ្ឌ Premier League របស់ CBS ៖
Wolves Vs Spurs ថ្ងៃសៅរ៍ ទី១១ វិច្ឆិកា ម៉ោង៧:២៥នាទីយប់ នៅ CNC
Arsenal Vs Burnley ថ្ងៃសៅរ៍ ទី១១ វិច្ឆិកា ម៉ោង៩:៥៥នាទីយប់ នៅ MyTV
Chelsea Vs Man Cityថ្ងៃអាទិត្យ ទី១២ វិច្ឆិកា ម៉ោង១១:២៥នាទីយប់ នៅ CTN ៕